ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងពន្លឿនការដោះស្រាយបណ្តឹងសេសសល់ ខណៈការទទួលពាក្យបណ្តឹងនឹងបញ្ចប់នៅថ្ងៃនេះ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យ (គ.ជ.ប) ។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃនេះ បានប្រាប់ ថ្លែងប្រាប់BTVថា ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាដំណាក់កាលបិទផ្សាយលទ្ធផលបណ្តោះអាសន្នបានបញ្ចប់ គជប បានទទួលបណ្តឹងសរុបនៅទូទាំងប្រទេសចំនួនជាង ២០០បណ្តឹង ក្នុង នោះមានបណ្តឹងពាក់ព័ន្ធដំណាក់កាលឃោសនាបោះឆ្នោត ចំនួនប្រមាណ ១០០បណ្តឹង និងបណ្តឹងពាក់ ព័ន្ធនឹងលទ្ធផលបោះឆ្នោត ចំនួនជាង១០០បណ្តឹង។
ស្របពេលថ្ងៃនេះ ជាថ្ងៃចុងក្រោយ នៃការដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ប្រសិនក្នុងករណីមានការដាក់ពាក្យបណ្តឹងបន្ថែម គ.ជ.ប នឹងពន្យាពេលចំនួន ៤ថ្ងៃ ដើម្បីពិចារណាលើបណ្តឹងទាំងនោះ។
ជុំវិញបណ្តឹងសេសសល់ចំនួន៦ ដែលពុំទាន់បញ្ចប់ការដោះស្រាយ ឯកឧត្តម ហង្ស ពុទ្ធា បាន លើកឡើងថា ក្នុងសេចក្តីចែងនីតិវិធីរបស់ គ.ជ.ប មានសិទ្ធិដោះស្រាយក្នុងពេលវេលាសមស្រប និងពន្យា ពេលដោះស្រាយបណ្តឹងទាំងនេះផងដែរ។
គួរបញ្ជាក់ថា គ.ជ.ប គ្រោងប្រកាសលទ្ធផលផ្លូវការបោះក្រុមប្រឹក្សាឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី២៦ ខែមិថុនានេះ ខណៈលទ្ធផលផ្លូវការ អាចនឹងប្រកាសមុនកាលបរិច្ឆេទ ប្រសិនការដោះស្រាយបានបញ្ចប់ កំឡុងសប្តាហ៍ក្រោយ៕អត្ថបទ៖ សេក ឧត្តម