បាល់ទាត់៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានឈានដល់កិច្ចព្រមព្រៀងហើយ ក្នុងការនាំយកខ្សែបម្រើក្លិបព័រទុយហ្កាល់ FC Porto, Pablo Vieira ក្នុងតម្លៃ ៤០លានអឺរ៉ូ។ កីឡាករវ័យ ២២ឆ្នាំរូបនេះមិនធ្លាប់បង្ហាញខ្លួនឱ្យក្រុមធំជំរើសជាតិព័រទុយហ្កាល់នៅឡើយ តែរូបគេត្រូវបានបោះឆ្នោតជាកីឡាករឆ្នើមបំផុត នៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ុបអាយុក្រោម ២១ឆ្នាំកាលពីឆ្នាំមុន។
Pablo Vieira នឹងក្លាយជាកីឡាករទី៣ ដែលផ្លាស់មកកាន់កីឡដ្ឋាន Emirate បន្ទាប់ពីអ្នកចាំទីអាមេរិក Matt Turner និងខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល Marquinhos។ រដូវកាលមុន Pablo Vieira មានស្ថិតិបញ្ជូនបាល់ ១៤លើកឱ្យ Porto នៅក្របខណ្ឌកំពូលព័រទុយហ្កាល់ ពោលគឺច្រើនជាងកីឡាករណាៗទាំងអស់។ Pablo Vieira បង្ហាញខ្លួនឱ្យក្រុមយុវជនអាយុក្រោម ២១ឆ្នាំព័រទុយហ្កាល់សរុប ២១លើក ហើយរំពឹងថានឹងអាចកោះហៅចូលក្រុមធំឆាប់ៗនេះ៕
អត្ថបទ៖នាង សុភាវុធ