ភ្នំពេញ៖ កម្ពុជានឹងចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ (16thADMM) និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ខណៈកិច្ចប្រជុំនេះ នឹងមានប្រតិភូតំណាង និងរដ្ឋមន្រ្តីការពារជាតិអាស៊ានទាំង ១០ប្រទេស និងរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនចូលរួមផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា នៅក្នុងកិច្ចប្រជុំADMM នាពេលខាងមុខនេះ នឹងពិភាក្សាគ្នាជាច្រើនទាក់ទងបញ្ហាសន្តិសុខ ក្នុងតំបន់ក៏ដូចជាពិភពលោក រួមទាំងពិភាក្សាលើឯកសារទស្សនទាន ជាច្រើនទៀត ដែលរដ្ឋមន្រ្តីការពារជាតិអាស៊ាន បាន ចេញនាពេលកន្លងទៅ។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកលើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ នឹងពិភាក្សា និងពិនិត្យសម្រេចលើសំណើររបស់ឥណ្ឌាសុំរៀបចំលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា និងសម្រេចលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រវាងរដ្ឋមន្រ្តីការពារជាតិអាស៊ាន ជាមួយប្រទេសបូកមួយចំនួននៅខែវិច្ឆិកា ឆ្នាំ២០២២ផងដែរ។
ក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ក៏នឹងមានការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុនជារូបវន្ត និងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ចិន តាម ទម្រង់ប្រព័ន្ធវិដេអូផងដែរ។
ជាមួយកិច្ចប្រជុំនេះរដ្ឋមន្រ្តីការពារជាតិអាស៊ាន ប្រតិភូបណ្តាសមាជិកអាស៊ាន និងអគ្គលេខាធិការដ្ឋានអាស៊ានទាំងអស់ក៏នឹងចូលជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ បាន ចក់

