ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ សេង ផល្លី អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានជំរុញទៅយុវជន ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងខិតខំរៀនសូត្រ ដើម្បីមាន សុខភាពមាំមួន និងក្លាយជាទំពាំងស្នងឫស្សីដ៏មានសក្ដានុពល សម្រាប់ប្រទេសជាតិ ។
ក្នុងសិក្ខាសាលាស្តីពីសុខភាពយុវជន និងសុខភាពកម្ពុជា នៅសាកលវិទ្យាល័យអន្តរជាតិ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សេង ផល្លី មានប្រសាសន៍ថា មានសុខភាពល្អ គឺមានអ្វីៗទាំងអស់ ដោយអាចសម្រេចបានជោគជ័យ ទៅតាមបំណងប្រាថ្នាដែលចង់បាន ព្រោះការមានសុខភាពល្អនេះ ការរៀនសូត្រ ឬការប្រកបការងារផ្សេងៗគឺមានអារម្មណ៍ល្អ ។
ឯកឧត្តម បានបន្តថា សុខភាពគឺសំខាន់ជាងអ្វីទាំងអស់ ទោះបីមានទ្រព្យសម្បត្តិសម្បូរហូរហៀរ បុណ្យសក្តិខ្ពង់ខ្ពស់ ការងារល្អៗ ប៉ុន្តែបើមានសុខភាពមិនល្អ ឈឺទ្រុឌទ្រោម នឹងបាត់បង់អ្វីៗទាំងអស់ ស្របនឹងសុភាសិតសកលពោលថា «សុខភាពគឺជាមាសប្រាក់ និងសុភមង្គល» «មានសុខភាពល្អជាមុនសិន ទើបអាចមានអ្វីៗតាមក្រោយ» យើងទាំងអស់គ្នាពិតជាទទួលស្គាល់ថា សុខភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្ស និងសម្រាប់សង្គមជាតិទាំងមូល ។
ឯកឧត្តម សេង ផល្លី បានបន្ថែមថា យុវជនដែលជាទំពាំងស្នងឫស្សី សម្រាប់គ្រួសារ និងប្រទេសជាតិ ត្រូវថែរក្សាសុខភាពឲ្យបានល្អ មានទាំងការបរិភោគអាហារដែលផ្ដល់នូវសុខភាព ការហាត់ប្រាណ ព្រោះនៅពេលយើងមានសុខភាពល្អ នឹងធ្វើឲ្យគ្រួសារមានសុភមង្គល និងការធ្វើអ្វីៗក៏ល្អប្រសើរផងដែរ ។
ជាមួយនេះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា បានសម្ដែងនូវការគាំទ្រចំពោះការរៀបចំនូវសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកចូលរួម និងមនុស្សទូទៅ ។
បើតាមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ សាកលវិទ្យាល័យអន្តរជាតិ បានឲ្យដឹងថា ការរៀបចំឱ្យមានអង្គសិក្ខាសាលានេះឡើង ក្នុងគោលបំណងផ្តល់ចំណេះដឹង បទពិសោធថ្មីៗបន្ថែមទៀត ទាក់ទងទៅនឹងសុខភាពរបស់យុវជន និងសុខភាពសាធារណៈ ៕ អត្ថបទ៖ បាន សុខរិទ្ធិ





