ក្រចេះ ៖ ក្រសួងបរិស្ថាន និងអង្គការ WWF បានបង្ហាញពីវត្តមានសត្វក្តាន់ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គក្នុងខេត្តក្រចេះ ចំនួនប្រមាណ៨៤ក្បាល មានទាំងវ័យជំទង់ និងកូនជាច្រើន ដែលជាសញ្ញាណវិជ្ជមានបង្ហាញពីការបន្តពូជរបស់សត្វដ៏កម្រប្រភេទនេះនៅក្នុងតំបន់ទីជម្រកធម្មជាតិ ព្រោះអ្នកវិទ្យាសាស្រ្ត ធ្លាប់បានសន្និដ្ឋានថា សត្វក្តាន់បានផុតពូជទៅហើយពីប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០០៦ ទើបវាត្រូវបានគេរកឃើញមានវត្តឡើងវិញក្នុងខេត្តក្រចេះ។
សត្វក្តាន់ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជជាសកល។ ការរស់រានរបស់សត្វក្តាន់ ត្រូវបានគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ និងវិបត្តិអន្ទាក់ដែល បណ្តាលមកពីការជួញដូរសត្វព្រៃខុសច្បាប់។
ក្រសួងបរិស្ថាន និងអង្គការWWF បានបង្ហាញពីឆន្ទៈក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារ និងអភិរក្សសត្វក្តាន់ដ៏កម្រនេះ តាមរយៈការបង្កើនជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វ ផ្សាយ និងការពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ រាល់ការបរបាញ់ និងការដាក់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធ្វើយ៉ាងណាធានាការរស់រានរបស់សត្វក្តាន់ និងសត្វព្រៃដ៏មានតម្លៃជា សកលដទៃទៀតនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា៕






