
ភ្នំពេញ៖ នៅថ្ងៃទី២០ មិថុនា ឆ្នាំ ២០២២ខាងមុខនេះ ជាគម្រប់ខួប៤៥ ឆ្នាំ នៃដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ជាការចាកចេញពីមាតុភូមិ ជាការយកអាយុជីវិតធ្វើដើមទុន របស់សម្ដេចតេជោ ហ៊ុន សែន និងសមមិត្ត ៤រូបទៀត ដើម្បីស្វែងរកជំនួយពីប្រទេសវៀតណាម មកផ្ដួលរំលំរបបខ្មៅងងឹត និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ។
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ទាំងអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ហើយក៏មានសារៈសំខាន់សម្រាប់យុវជនដែលកើតរស់នៅក្នុងសង្គមសន្តិភាពបច្ចុប្បន្នផងដែរ។
យុវជន សំអាង ជានិស្សិត និងលោក សុខជា ជាប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ លើកឡើងថាតាមការសិក្សារៀនសូត្រ ដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសមមិត្ត ៤រូបទៀត ចាកចេញពីមាតុភូមិទៅស្វែងរកជំនួយពីប្រទេសវៀតណាម គឺបង្ហាញច្បាស់ពីភាពស្នេហាជាតិ ភាពអង់អាចដាក់ជីវិតជាដើមទុន ខណៈការបាត់បង់ជីវិតអាចកើតឡើងគ្រប់ពេលវេលា។
ការមានចំណុចចាប់ផ្ដើម ទើបឈានដល់ការផ្ដួលរំលំរបបខ្មៅងងឹត ជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ នាំមកវិញនូវការរស់រានមានជីវិត សន្តិភាព ការអភិវឌ្ឍសម្រាប់មនុស្សគ្រប់គ្នាដូចសព្វថ្ងៃ។
សម្រាប់យុវតី ស្រីនីត ជាសិស្សសិក្សានៅថ្នាក់ទី ១២ ក៏មើលឃើញពីគុណតម្លៃនៃ ព្រឹត្តិការណ៍ដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ជាពិសេសក្នុងនាមជាសិស្ស គឺពេញចិត្តដែលដំណើរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ មានឆ្លាក់ជាប់នៅវិមានឈ្នះឈ្នះ សម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជន អាចសិក្សាស្វែងយល់បានកាន់តែច្បាស់ពីប្រវត្តិសាស្រ្តលំបាក ទម្រាំឈានដល់ភាពសំបូរសប្បាយដូចសព្វថ្ងៃ។
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាការចាកចេញពីទីតាំងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់ សម្ដេច ហ៊ុន សែន និងកម្មាភិបាលបួននាក់ គឺ នុច ថន ញឹក ហួន ស៊ូ គីមស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយរំដោះជាតិចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត ដែលគ្រានោះទើបតែមានអាយុ២៥ឆ្នាំ បានចាកចេញប្រកបដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយាដែលមានផ្ទៃពោះ៥ខែផង។
ការចាកចេញរបស់សមមិត្ត ហ៊ុន សែន និងក្រុមពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដោយគិតដល់ផលវិបាកអាចកើតមាន ចំពោះភរិយា ដែលកំពុងស្ថិតនៅក្នុងក្រញាំឃោឃៅ របស់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ។ នោះជាពេលដែលសមមិត្ត ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕ អត្ថបទ៖ គឹមហុក



