ភ្នំពេញ៖ គណៈប្រតិភូកម្ពុជា កាលពីខែ ឧសភា កន្លងទៅបានចាកចេញទៅការពាររបាយការណ៍ សិទ្ធិកុមាររយៈពេលជាង ១០ឆ្នាំនៅកម្ពុជា នៅអង្គការសហប្រជាជាតិ ទទួលបានជោគជ័យ។ នេះជាការបញ្ជាក់របស់លោកជំទាវ ជូ ប៊ុនអេង ជាប្រធានដឹកនាំក្រុមគណៈប្រតិភូកម្ពុជា។
គណៈប្រតិភូកម្ពុជា ក្រោមការដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រួមទាំងវត្តមាននៃមន្រ្តីក្រសួងអប់រំ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានការពាររបាយការណ៍ជាតិ លើកទី៤ ទី៥ ទី៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សម្រេចបានជោគជ័យ។ លោកជំទាវបញ្ជាក់ថា ចំពោះការការពាររបាយការណ៍នេះ គឺក្រុមការងារជំនាញប្រមាណជិត ២០ នាក់ បានចោទសួរសំណួររហូតដល់ជាង ១០០ សំណួរមកភាគីកម្ពុជា ដើម្បីធ្វើការបកស្រាយបញ្ជាក់។
ចំពោះការចោទសួរនេះ គណៈប្រតិភូកម្ពុជា បានធ្វើការបកស្រាយបញ្ជាក់ជូន ដោយមានអំណះអំណាងត្រឹមត្រូវ ដោយចុងក្រោយការការពាររបាយការណ៍ គឺកម្ពុជាទទួលបានការកោតសសើរ ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្រេចបានសមិទ្ធផលជាច្រើន។
លោកជំទាវ ដឹកនាំគណៈប្រតិភូ បញ្ជាក់ដែរថា ភាគីអង្គការសហប្រជាជាតិ ពុំបានរិះគន់កម្ពុជា លើចំណុចណាមួយនោះទេ។ ចំពោះអនុសាសន៍ដែល ផ្ដល់ជូនកម្ពុជា គឺចង់ឱ្យមានការជំរុញ និងពន្លឿនលើចំណុចមួយចំនួនប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងកិច្ចការសិទ្ធិកុមារនេះ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លើកឡើងដែរថា កម្ពុជា នឹងបន្តអនុវត្តឱ្យល្អប្រសើរ ទៅតាមអនុសាសន៍ណែនាំរបស់អង្គការសហប្រជាជាតិ។ ជាពិសេសការពារសិទ្ធិកុមារ និងការពារអត្ថប្រយោជន៍កុមារគ្រប់រូប៕ អត្ថបទ៖ គឹមហុក