កំពង់ឆ្នាំង៖ ស្រ្តីមេម៉ាយទីទ័លក្រ ឈ្មោះ អ៊ុល ចិន្តា និងកូនស្រី រស់នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានជួបឧប្បទ្ទវហេតុភ្លើងឆេះផ្ទះគ្មានសល់ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ដោយឆ្លងចរន្តអគ្គិសនី បានទទួលថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុករលាប្អៀរ។
នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គឹម វាសនា អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រួមនឹងលោក សោម វឺន ប្រធានគណបក្សស្រុក, លោក សេង វិចិត្រ អភិបាលស្តីទីស្រុករលាប្អៀរ និងអាជ្ញាធរ ភូមិ-ឃុំ ផងដែរ បានអញ្ជើញចុះសួរសុខទុក្ខ និងសម្តែងនូវការសោកស្តាយចំពោះស្រ្តីមេម៉ាយទីទ័លក្រ ដែលបាត់បង់ផ្ទះដោយឧប្បទ្ទវហេតុភ្លើងឆេះនេះ។
ក្នុងឱកាសនេះ ឯកឧត្ដម និងក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ឯកឧត្តម បណ្ឌិតសភាចារ្យ ផ្តល់ជូនដល់ដៃស្ត្រីរងគ្រោះ និងបានឲ្យអាជ្ញាធរមូលដ្ឋានជួយចាត់ចែងសាងសង់ទីជម្រកជូនស្ត្រីមេម៉ាយ និងកូនស្រីបានរស់នៅនៅវិញផងដែរ៕ អត្ថបទ៖ ហុង វាស្នា





