អេហ្ស៊ីប៖ អាជ្ញាធរបាននិយាយថា ការបាក់រលំអគារកាលពីថ្ងៃសុក្រនៅក្នុងរដ្ឋធានីគែរ (Cairo) ប្រទេសអេហ្ស៊ីបបណ្តាលឲ្យមនុស្ស 6នាក់ស្លាប់ ខណៈក្រុមអ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុបានបន្តស្វែងរកអ្នកបាត់ខ្លួននៅតាមគំនរបាក់បែក។

គេនៅមិនទាន់បានដឹងភ្លាមៗនៅឡើយនោះទេ ពីមូលហេតុដែលបណ្តាលឱ្យបាក់រលំអគារនេះ។ អភិបាលរងក្រុងលោក Ibrahim Abdel-Hadi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយដោយក្រសួងមហាផ្ទៃថា គ្រួសារមួយមានសមាជិក 6នាក់ត្រូវគេជឿថាបានស្ថិតនៅខាងក្នុងអគារកម្ពស់ 6ជាន់ដែលបាក់រលំមួយនេះ។ ប្រជាជនត្រូវបានគេស្នើឱ្យចាកចេញពីអគារដែលនៅជុំវិញនោះ ដោយសារតែមានការព្រួយបារម្ភអំពីរចនាសម្ព័ន្ធ។ ក្រុមអ្នកឈូសឆាយ និងអ្នកជីករកបន្តលើកចេញបំណែកបាក់បែកនៅកន្លែងកើតហេតុកាលពីរសៀលថ្ងៃសុក្រ។ ការបាក់រលំអគារគឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសអេហ្ស៊ីប ដែលសំណង់មិនសមស្រប និងកង្វះការថែទាំនៅក្នុងសង្កាត់ក្រីក្រ និងតំបន់ជនបទ។ រដ្ឋាភិបាលរបស់ប្រទេសបានព្យាយាមបង្ក្រាបលើសំណង់ខុសច្បាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបន្ទាប់ពីការអនុវត្តច្បាប់មានភាពធូររលុង៕
អត្ថបទ៖ ប៊ុនថន