ភ្នំពេញ៖ ព្រឹត្តិការណ៍ដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា គឺឈានដល់គម្រប់៤៥ឆ្នាំហើយ ក្នុងឆ្នាំនេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ត្រូវបានយុវជននាសង្គមសន្តិភាពបច្ចុប្បន្នមើលឃើញច្បាស់ពីគុណតម្លៃ និងបានលើកឡើងថា ការចាកចេញទៅស្វែងរកជំនួយមកសង្រ្គោះកម្ពុជា ជាគំរូវីរភាពបង្ហាញពីការស្នេហាជាតិ។
ដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ឆ្នាំ១៩៧៧ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលបញ្ជាក់បញ្ជាក់ពីការចាប់ផ្ដើម ពីការចាកចេញរបស់ សម្ដេចតេជោ ហ៊ុន សែន និងសមមិត្ត ៤រូបទៀត ទៅប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយមកផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ។
ស្វែងយល់តាមរយៈតាមរយៈការសិក្សា និងការអានសៀវភៅប្រវត្តិសាស្រ្ត យុវជនមើលឃើញថា ដំណើរនៃការចាកចេញទៅស្វែងរកជំនួយនេះ គឺជាការយកជីវិតធ្វើជាដើមទុន របស់សម្ដេច ហ៊ុន សែន និងសមមិត្ត ៤រូបទៀត។
ការយកជីវិតជាដើមទុន ព្រោះថាជាការចេញដំណើរប្រកបដោយគ្រោះថ្នាក់អាចបាត់បង់ជីវិតគ្រប់ពេលវេលា។ ភាពអង់អាចមិនខ្លាចពីការបាត់បង់ជីវិតខ្លួនឯងនេះ សម្រាប់ពួកគាត់ជាយុវជន យល់ឃើញថា ជាគំរូវីរភាពនៃការស្នេហាជាតិ ហ៊ានពលីគ្រប់យ៉ាងដើម្បីជាតិ។
ផ្ដើមពីភាពអង់អាច ការពលីជីវិត ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ទើបកម្ពុជា អាចឈានសង្គមបច្ចុប្បន្ន។ សង្គមមានសុខសន្តិភាព ការអភិវឌ្ឍន៍ គ្រប់វិស័យ។ នេះជាការលើកឡើងបន្ថែមរបស់យុវជន។ ការរស់នៅបានសុខសាន្តក្នុងសង្គមមានសុខសន្តិភាព ពួកគាត់ក៏ប្ដេជ្ញាបន្តរក្សានូវកេរ្ដិ៍ដំណែល ដែលទទួលបានដោយភាពលំបាក ការពលីនេះដែរ។
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាការចាកចេញពីទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់ សម្ដេច ហ៊ុន សែន និងកម្មាភិបាលបួននាក់ គឺ នុច ថន ញឹក ហួន ស៊ូ គីមស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយរំដោះជាតិចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត ៕ អត្ថបទ៖ ប៉ោ គឹមហុក