យេមែន៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានបើកការវាយប្រហារនៅយេមែន ដែលមានគោលដៅផ្តួលរំលំក្រុមឧទ្ទាមហ៊ូធី និងស្តាឡើងវិញរដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ។

ទោះបីជាយ៉ាងណាក៏ដោយរយៈពេល ៦ឆ្នាំក្រោយ សង្គ្រាមមួយនេះកាន់តែអាក្រក់បំផុតជាងកាលពីមុន។ សង្គ្រាមស៊ីវិលនៅយេមែន បានក្លាយជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុត ខណៈអង្គការសហប្រជាជាតិ (UN) បានប៉ាន់ប្រមាណថា ចំនួនមនុស្សស្លាប់ដោយសារសង្គ្រាមមួយនេះកើនឡើងជាង ១៣៣.០០០នាក់ ក្នុងនោះមនុស្សជាង ១សែននាក់បានស្លាប់ ដោយសារតែកង្វះខាតស្បៀងអាហារ និងសេវាកម្មសុខភាព។ គេនៅមិនទាន់មើលឃើញសញ្ញាបញ្ចប់ នៃសង្គ្រាមស៊ីវិលដ៏ឃោរឃៅនេះឡើយ។ ការបង្ហូរឈាមគ្នាឯងអស់រយៈពេលជាច្រើនឆ្នាំ មិនបានមើលឃើញអ្នកឈ្នះ-ចាញ់នោះទេ តែផ្ទុយទៅវិញ វាបានពុះហែកប្រទេសក្រីក្របំផុត នៅក្នុងតំបន់អារ៉ាប់មួយនេះជាចំណែក។ ឈានចូលដល់ឆ្នាំ២០២១ ជម្លោះរវាងភាគីបង្កសង្គ្រាមនៅយេមែនកាន់តែឡើងកម្តៅខ្លាំង ស្របពេលដែលក្រុមឧទ្ទាមហ៊ូធីបង្កើនប្រតិបត្តិការសឹករបស់ពួកគេ កាលពីខែកុម្ភៈកន្លងទៅនៅខេត្តភាគឦសានម៉ារីប ជាកន្លែងសម្បូរប្រេងកាត។
សង្គ្រាមគ្រប់គ្រងធនធានឧស្ម័ន និងប្រេងនៅក្នុងខេត្តម៉ារីបនៅតែបន្តកើតមានឡើង ដោយភាគីជម្លោះទាំង២ បានបាត់សកម្មប្រយុទ្ធរបស់ពួកគេរាប់រយនាក់ មកទល់នឹងពេលនេះ។ នៅក្នុងខែមីនានេះដែរ កងកម្លាំងរដ្ឋាភិបាលយេមែនបានចាប់ផ្ដើម ឈ្លានពានតំបន់ជួរមុខនៅស្រុកអាប់ស៍ ស្ថិតនៅភាគនិរតីនៃខេត្តភាគខាងជើងហាចចា ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធី។ ភាគីទាំង២ បានធ្វើសង្គ្រាមជាមួយគ្នាផងដែរ នៅកំពង់ផែសមុទ្រក្រហមហូដេដា ថ្វីត្បិតតែ UN រៀបចំឲ្យមានបទឈប់បាញ់នៅក្នុងតំបន់នោះក៏ដោយ។ ជាងនេះទៅទៀត ក្រុមឧទ្ទាមហ៊ូធីបង្កើនការវាយប្រហារ ឆ្លងព្រំដែនរបស់ខ្លួនទៅលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយប្រើប្រាស់ដ្រូន និងមីស៊ីលបាលីស្ទិកទៅលើគោលដៅយុទ្ធសាស្ត្រ ជាច្រើនកន្លែងនៅទូទាំងរាជាណាចក្រមួយនេះ។ ការវាយប្រហារដោយដ្រូន បានធ្វើឲ្យកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បើកការវាយប្រហារបកតាមអាកាសមកវិញ ទៅលើតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី នៅភាគខាងជើងប្រទេសយេមែន ធ្វើឲ្យសង្គ្រាមចាប់ផ្ដើមឡើងកម្តៅជាថ្មីដល់កម្រិតខ្ពស់បំផុត ស្របពេលដែលសង្គ្រាមស៊ីវិលមួយនេះ ជិតឈានដល់ឆ្នាំទី៧ ហើយនោះ៕
អត្ថបទ៖ សារ៉ាត់