ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម អះអាងថា តម្លៃដំឡូងមីក្នុងឆ្នាំ២០២២នេះ សម្រាប់ដំឡូងមីស្រស់ មានតម្លៃចន្លោះពី ២០០-២៨០រៀល ក្នុង១គីឡូ និងដំឡូងមីក្រៀម តម្លៃចន្លោះពី ៧០០-៧៨០រៀល ក្នុង១គីឡូដែលតម្លៃទំាងនេះ មានលក្ខណៈល្អប្រសើរ ធៀបនឹងឆ្នាំកន្លងទៅ។
នៅក្នុងបណ្តាញសង្គម ក្រោយសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ កាលពីថ្ងៃទី១៧ មិថុនា ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យតាមដាន វាយតម្លៃការអនុវត្តន៍គោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ បានលើកឡើងថា កាលពីខែកុម្ភៈកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលស្វយ័តខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញការនាំចេញដំឡូងមីក្រៀមឱ្យបាន ៤០ម៉ឺនតោន ក្នុងមួយឆ្នាំ និងផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម ពន្លឿននីតិវិធីនៃការនាំចេញ មិនធ្វើ ស៊ីអូ (CO) បើប្រទេសនាំចូលមិនត្រូវការវិមជ្ឈការឱ្យមន្ទីរពាណិជ្ជកម្ម នៅតាមបណ្តាខេត្តជាប់ព្រំដែនអាចចេញ CO ទម្រង់ D នាំចេញទំនិញកសិផលបាន។
ឯកឧត្តម បានបញ្ជាក់ថា ទាក់ទងនិងដំណាំដំឡូងមី នៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប មានផ្ទៃដីដាំដុះសរុបទំហំប្រមាណជាង ២១ម៉ឺនហិចតា ជាមួយនិងបរិមាណផលប្រមាណជាង ១៨,៩តោន។
ឯកឧត្តម បានឲ្យដឹងថា នៅឆ្នាំ២០២១ កន្លងទៅ កម្ពុជានាំចេញដំឡូងមីស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសថៃ និងវៀតណាម។
សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តនូវគោលនយោបាយជាតិ ស្តីពីដំឡូងមី២០២០-២០២៥ ដោយបានបង្កើតបន្ថែមនូវក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយនេះឲ្យកាន់តែមានប្រសិទ្ធិភាព។ លើសពីនេះទៀត ជំរុញឲ្យប្រទេសកម្ពុជា ក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយភាពជឿទុកចិត្តសម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក៕ អត្ថបទ៖ ឈិត បូរ៉ាវី