ព្រៃវែង៖ ឯកឧត្តម នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់នៃខេត្តព្រៃវែង ដែលបានខិតខំអស់កម្លាំងកាយ និងស្មារតី ដណ្តើមជោគជ័យជូនបក្សក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម នេត សាវឿន សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ជាពិសេសស្រុក ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច នៃខេត្តព្រៃវែង ដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតីចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាពិសេសដណ្ដើមបានជោគជ័យ ជាទីពេញចិត្តជូនគណបក្សប្រជាជនកម្ពុជានៅខេត្តព្រៃវែង ទាំងមូលនោះ។
ឯកឧត្តម បានបន្តថា ជ័យជម្នះដ៏គួរឲ្យកោតសរសើរនេះ ពិតជាមិនអាចកាត់ផ្តាច់ បានពីការចូលរួមចំណែកយ៉ាងសំខាន់ពីថ្នាក់ដឹកនាំសមាជិក-សមាជិកា និងសកម្មជនគណបក្ស ដែលបានលះបង់ពេលវេលា និងធនធាន ចូលរួមគាំទ្រដល់បុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់បានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់នោះ»។
នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម នេត សាវឿន បានបញ្ជាក់ទៀតថា ដំណើរការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សានៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យឃើញនូវភាពកាន់តែចាស់ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការអនុវត្ត គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងដូច្នេះដែរ។
ជាមួយគ្នានេះដែរឯកឧត្តម បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ដែលបានបន្តគាំទ្រ និងបានផ្តល់ជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាគោរពតាមបទបញ្ជា និងនីតិវិធីនានាជាធរមាន រួមចំណែកធ្វើឲ្យការរៀបចំព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅរលូន សេរីត្រឹមត្រូវ និងយុត្តិធម៌ជាដើមនោះ៕ អត្ថបទ៖ បាន ចក់











