ត្បូងឃ្មុំ ៖ ភូមិកោះថ្ម បច្ចុប្បន្នគឺជាភូមិដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្ត ដោយសារតែភូមិនេះគឺជាចំណុចចាប់ផ្ដើមនៃការស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា តាមរយៈសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគ្រានោះសម្ដេចបានយកជីវិតធ្វើជាដើមទុនដើម្បីតស៊ូរំដោះប្រទេសកម្ពុជា ពីរបបផ្ដាច់ការ ប៉ុល ពត ។ ភូមិកោះថ្ម មានទីតាំងស្ថិតនៅក្នុង ឃុំទន្លួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ពីមុនជាខេត្តកំពង់ចាម) ជាភូមិដែលស្ថិតនៅជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម។
អ្នកស្រី ផន សារ៉ាត អាយុ៦០ឆ្នាំ ជាពលរដ្ឋរស់នៅទីនេះតាំងពីជំនាន់ដើមបានរៀបរាប់ប្រាប់ថា ពីមុនភូមិកោះថ្ម មានឈ្មោះដើមថា «ភូមិអញ្ឆញ» ទើបតែជំនាន់ខ្មែរក្រហមចូលមកកាន់កាប់តំបន់នេះ ក៏បានប្ដូរឈ្មោះទៅជា «ភូមិកោះថ្ម» វិញ ដោយសារតែនៅទីតាំងនេះមានផ្ទាំងថ្មធំៗដុះជាច្រើន ហើយម្យ៉ាងពាក្យ «អញ្ឆញ» ក៏ពិបាកហៅផង។
លោក ណង ឆែ អាយុ ៧១ឆ្នាំ ជាអ្នកភូមិកោះថ្ម និងជាអតីតកូនទាហានស្ម័គ្រចិត្តដើរចូលព្រៃម៉ាគីជាមួយសម្ដេចតេជោកាលពីជំនាន់ លន់ នល់ បានប្រាប់ដែរថា ពីដើមនៅក្នុងភូមិ មិនសូវមានខ្មែររស់នៅទេ ភាគច្រើនគឺជាជនជាតិដើមភាគតិចស្ទៀង ហើយភូមិនេះក៏ជាភូមិជនជាតិស្ទៀងដែរ ហើយពាក្យ «អញ្ឆញ» ក៏ជាសំនៀងរបស់ជនជាតិស្ទៀងដែរ។
អ្នកភូមិម្នាក់ទៀត គឺលោក ទោម ស៊ុំ បានឱ្យដឹងដែរថា នៅក្នុងភូមិពេលនេះ មិនមានជនជាតិស្ទៀងសុទ្ធទៀតទេ ចាស់ៗពីដើមបានស្លាប់អស់ហើយ។ ចំណែកក្មេងៗជំនាន់ក្រោយក៏មានប្ដី មានប្រពន្ធ ជាមួយជនជាតិខ្មែរ និងក្លាយជាខ្មែរកណ្ដាលអស់ហើយដែរ។
ប្រជាពលរដ្ឋនៅក្នុងភូមិ បានប្រាប់ទៀតថា ពីដើមឡើយ ភូមិកោះថ្ម នេះ មិនមានការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ននេះទេ។ នៅទីនេះជាតំបន់ព្រៃដាច់ស្រយាល គ្មានផ្លូវ គ្មានអគ្គិសនីប្រើប្រាស់ដូចពេលបច្ចុប្បន្ន គ្មានសាលារៀន សេវាសុខាភិបាលក៏គ្មានដែរ។ ប៉ុន្តែពេលនេះ បានផ្លាស់ប្ដូរទាំងស្រុង។
ផ្លូវថ្នល់ខ្វាត់ខ្វែងតទៅភ្ជាប់ពីភូមិទៅដល់ចម្ការ។ ពីភូមិឆ្ពោះទៅកាន់ទីផ្សារ ហើយពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាបនាផ្លូវថ្មីបន្ថែមមួយខ្សែទៀត តភ្ជាប់ពីព្រំដែនវៀតណាម ត្រង់ចំណុច x16 ដែលជាចំណុច «តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 »។ ខ្សែផ្លូវថ្មីមួយខ្សែនេះ នឹងក្លាយជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចដ៏សំខាន់នៅច្រកមេមត់ ជាពិសេសផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកភូមិកោះថ្មផ្ទាល់តែម្ដង។
នៅក្នុងភូមិកោះថ្ម ត្រង់ចំណុចចាប់ផ្ដើមដែលសម្ដេចតេជោ និងសមមិត្ត ៤នាក់ទៀត ចេញទៅសុំជំនួយពីប្រទេសវៀតណាម ត្រូវបានប្រសិទ្ធនាមថា «តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 » គឺស្ថិតនៅជាប់នឹងព្រំដែនកម្ពុជា-វៀតណាម។
បច្ចុប្បន្ននេះ ភូមិកោះថ្ម ក្លាយជាភូមិប្រវត្តិសាស្រ្តមួយរបស់ប្រទេសកម្ពុជា។ នៅក្នុងតំបន់ប្រវត្តិសាស្រ្តនេះ សម្ដេចបានរៀបចំស្ថាបនាសមិទ្ធផលប្រវត្តិសាស្រ្តមួយចំនួនមានដូចជា សារមន្ទីរកោះថ្ម សម្រាប់តម្កល់ឯកសារ ស្ដីពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដោយមានតាំងបង្ហាញនូវរូបភាពឯកសារនៃដំណើរដ៏គ្រោះថ្នាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្ពោះទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងប្រមូលកម្លាំងអ្នកស្នេហាជាតិ ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បន្ថែមពីនេះ ក៏មានការសាងសង់នូវអគារមួយចំនួនទៀត តំបន់យោធាតេជោ កោះថ្ម x16 ដែលមានជាអាទិ៍ អគារមិត្តភាពមួយខ្នងកម្ពស់២ជាន់ រោងវេទិកាមួយខ្នងសម្រាប់ប្រារព្ធទិវាចងចាំនៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ព្រមទាំងសមិទ្ធផលជាច្រើនទៀត។
ពីភូមិដែលមានប្រវត្តិដ៏ជូរចត់ពីអតីតកាល បច្ចុប្បន្នបានក្លាយជាភូមិប្រវត្តិសាស្រ្តដ៏សំខាន់ ហើយទៅអនាគតនឹងក្លាយជាតំបន់សេដ្ឋកិច្ចដ៏ពិសេស និងពេញដោយការអភិវឌ្ឍន៍៕ អត្ថបទ ៖ សុជាតា






