ត្បូងឃ្មុំ ៖ សារមន្ទីរកោះថ្ម ស្ថិតនៅក្នុង ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរត្រៀមសម្ពោធជាផ្លូវការនាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ចំថ្ងៃប្រារព្ធខួបទី ៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
សារមន្ទីរកោះថ្ម គឺជាសមិទ្ធផលថ្មីមួយទៀត ដែលកសាងឡើងដើម្បីតម្កល់ឯកសារ ស្ដីពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កាលពីថ្ងៃទី ២០ មិថុនា ១៩៧៧ ដោយក្នុងនោះមានតាំងបង្ហាញនូវរូបភាពឯកសារ និងសម្ភារៈ មួយចំនួន នៃដំណើរតស៊ូដ៏គ្រោះថ្នាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីឆ្ពោះទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងប្រមូលកម្លាំងអ្នកស្នេហាជាតិ ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សារមន្ទីរកោះថ្ម ហើយត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ ២០២១ កន្លងទៅក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ប្លង់ស្ថាបត្យកម្មនៃសារមន្ទីរកោះថ្មនេះត្រូវបានរៀបចំដោយ ឯកឧត្តមបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕ អត្ថបទ ៖ សុជាតា