សៀមរាប៖ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសលទ្ធផលប្រឡងសិស្សពូកែទូទាំងប្រទេស សម្រាប់បេក្ខជនសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ បន្ទាប់បានបើកការប្រឡងអស់រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នេះ ។ ការប្រកាសលទ្ធផលនេះ ធ្វើឡើងនៅវិទ្យាល័យ១០មករា១៩៧៩ នាខេត្ដសៀមរាប ។
ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនេះ គឺជាការប្រគួតដ៍ត្រឹមត្រូវបំផុត ដោយមានបេក្ខជនប្រឡងជាប់ជ័យលាភីចំនួន ៦០នាក់ ក្នុងនោះមានចំណាត់ពីថ្នាក់លេខ១ដល់លេខ១០ សម្រាប់ថ្នាក់ទី១២ និងពីលេខ១ដល់លេខ១០ សម្រាប់ថ្នាក់ទី៩ លើវិញ្ញាសារមុខវិជ្ជាអក្សសិល្ប៍ រូបវិទ្យា និងគណិតវិទ្យា។ ឯកឧត្ដមបានកោតសរសើរដល់បេក្ខជនដែលបានខិតខំយកចិត្ដទុកដាក់ព្យាយាមសិក្សារៀនសូត្ររហូតទទួលបានជ័យលាភីសិស្សពូកែទូទាំងប្រទេស ។ ឯកឧត្ដមបានបញ្ជាក់ថា បើទោះបីក្លាយខ្លួនជាសិស្សពូកែហើយក្ដី ក្មួយៗដែលជាប់ជាជ័យលាភីសិស្សពូកែទូទាំងប្រទេសមិនត្រូវភ្លេចខ្លួននោះទេ ត្រូវខិតខំសិក្សាឈ្វេងយល់រៀនសូត្របន្ថែមទៀតទើបសម្រេចបាននូវជោគជ័យក្នុងជីវិត។
ទន្ទឹមគ្នានេះ ចំពោះសិស្សដែលបានមកប្រឡងហើយមិនជាប់ជាជ័យលាភី ក៏មិនត្រូវបាក់ទឹកចិត្តនោះដែរ ព្រោះថា ការប្រឡងនេះមិនមែនជាការកំណត់អ្នកណាជាអ្នកជោគជ័យ អ្នកណាបរាជ័យនោះដែរ។ ឯកឧត្ដម ក៏បានក្រើនរំឭកដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្ថែមនូវការខិតខំរៀនសូត្ររបស់ខ្លួនបន្តទៀត ហើយកំណត់គោលដៅជីវិតក្នុងការចាប់យកចំណេះជំនាញឲ្យច្បាស់លាស់ ដើម្បីងាយស្រួលក្នុងពេលដែលបញ្ចប់ការសិក្សានៅសាលាចំណេះទូទៅ យើងអាចស្វែងរកសាលាបណ្តុះបណ្តាលនៅឧត្តមសិក្សាត្រូវតាមក្តីស្រមៃរបស់យើង។
បេក្ខជនជាប់ជ័យលាភី បានសម្ដែងការសប្បាយចិត្ដ ក្រោយពីទទួលបានជោគជ័យលើការប្រឡងនេះ ។ បេក្ខជនជ័យលាភីបន្ដថា ការប្រលងសិស្សពូកែនេះមានការលំបាកខ្លះៗ ប៉ុន្ដែពួកគាត់អាចធ្វើបានដូចការរំពឹងទុក ដោយការប្រឡងនេះ មានភាពសុក្រិត្យ និងយុត្ដិធម៌ត្រឹមត្រូវក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ។
យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការរៀបចំការប្រឡងនេះ បង្ហាញថា សម្រាប់លទ្ធផលប្រឡងសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នាពេលនេះ មានបេក្ខជន បេក្ខនារីចំនួន ៦០នាក់ ដែលទទួលបានជ័យលាភី។ ក្នុងនោះសម្រាបថ្នាក់ទី៩ ចំនួន ៣០នាក់ រួមមាន៖ ភ្នំពេញ ៧នាក់, សៀមរាប ៤នាក់, ព្រៃវែង ៦នាក់, កណ្ដាល ៤នាក់, កំពត ៣នាក់, កំពង់ចាម ២នាក់, កំពង់ឆ្នាំង ២នាក់ បន្ទាយមានជ័យ ១នាក់, ត្បូងឃ្មុំ ១នាក់ ដោយឡែកថ្នាក់ទី១២ ចំនួន ៣០នាក់ រួមមាន៖ ភ្នំពេញ ៥នាក់, ព្រៃវែង ៥នាក់, កំពង់ចាម ៤នាក់, តាកែវ ៤នាក់, សៀមរាប ៣នាក់, កំពង់ឆ្នាំង ៣នាក់, កណ្ដាល់ ២នាក់, កំពង់ ២នាក់, ពោធិ៍សាត់ ១នាក់ និង បន្ទាយមានជ័យ ១នាក់។
សិស្សកម្រិតថ្នាក់ទី៩ ជ័យលាភីផ្នែកអក្សរសិល្បិ៍ខ្មែរ មានចំនួន ១០នាក់ ផ្នែករូបវិទ្យា ១០នាក់ និង ផ្នែកគណិតវិទ្យា១០នាក់ និងសិស្សកម្រិតថ្នាក់ទី១២ ជ័យលាភីផ្នែកអក្សរសិល្ប៍ខ្មែរចំនួន ១០នាក់ ផ្នែករូបវិទ្យា ១០នាក់ និងផ្នែកគណិតវិទ្យា ១០នាក់។សូមបញ្ជាក់ថា មុខវិជ្ជាដែលបានប្រឡងរួមមាន អក្សសិល្ប៍ រូបវិទ្យា និងគណិតវិទ្យា ដែលបេក្ខជនដែលមកចូលរួមប្រឡងនៅពេលនេះ មានចំនួន ៤៨០នាក់ មកពី២៩៤សាលា លើចំនួនគ្រឹះស្ថានមធ្យមសិក្សាសរុប ១៨១២នៅទូទាំងប្រទេស៕















