ជិះក្តារបន្ទះ៖ អតីតកីឡាការិនីជើងឯក កីឡាជិះក្ដារបន្ទះលើទឹកកកពិភពលោកបារាំង Julie Pomagalski បានទទួលមរណភាព អំឡុងពេលជិះកម្សាន្តនៅតំបន់ភ្នំទឹកកក Uri ប្រទេសស្វ៊ីស នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការអូឡាំពិកបារាំង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ Julie Pomagalski មានវ័យ ៤០ឆ្នាំបានរអិលចេញពីផ្លូវជម្រាល ជាមួយនឹងមនុស្ស ៣នាក់ផ្សេងទៀត។ មានអ្នកកម្សាន្តម្នាក់ទៀតសញ្ជាតិបារាំង ក៏បានស្លាប់ក្នុងពេលនោះដែរ។

អាជ្ញាធរក្នុងតំបន់បាននិយាយថា មានព្យុះព្រិលបានវាយប្រហារកាលពីថ្ងៃអង្គារ ខណៈក្រុមនេះបានចុះពីលើភ្នំ Gemsstock ដែលមានកម្ពស់ ២,៩៦១ម៉ែត្រជាតំបន់ពេញនិយម ជាមួយអ្នកជិះដែលមានជម្រាលភ្នំខ្ពស់ពេញដោយព្រិលទឹកកក។ Julie Pomagalski ធ្លាប់ជាជើងឯកពិភពលោក លើប្រភេទកីឡាមួយនេះកាលពីឆ្នាំ១៩៩៩។ ក្រោយមក Pomagalski បានឈ្នះជើងឯក World Cup មួយទៀតនៅឆ្នាំ២០០៤ និងធ្លាប់ឈ្នះ ៩ ទីតាំងប្រកួតក្នុងការប្រកួតជើងឯកពិភលោកឆ្នាំផ្សេងទៀត។ នៅឆ្នាំ ២០០២ Pomagalski ក៏បានឈ្នះមេដាយមាសអូឡាំពិករដូវរងា នៅទីក្រុង Salt Lake សហរដ្ឋអាមេរិក និងឈ្នះមេដាយមាសម្តងទៀត ៤ឆ្នាំបន្ទាប់នៅទីក្រុង Turin ប្រទេសអ៊ីតាលី៕
អត្ថបទ៖នាង សុភាវុធ