ឥណ្ឌា៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ទឹកជំនន់ និងបំណាក់ដីដ៏ធំនៅក្នុងរដ្ឋ Assam ភាគឦសានរបស់ឥណ្ឌាបានឆក់យកជីវិតមនុស្ស ៨នាក់បន្ថែមទៀត ដែលនាំឲ្យអ្នកស្លាប់សរុបកើនឡើងដល់ ៦២នាក់ដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្ដាហ៍មកនេះ ដែលបានបង្កឲ្យទឹកទន្លេមួយក្នុងចំណោមទន្លេធំបំផុតជាច្រើន របស់អាស៊ីហក់ឡើងខ្ពស់ប្រៀបច្រាំង។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Assam បាននិយាយថា ស្រុកចំនួន ៣២ ក្នុងចំណោមស្រុកទាំង ៣៥ របស់រដ្ឋនេះត្រូវបានលិចលង់ ខណៈទឹកទន្លេ Brahmaputra ហក់ឡើងខ្លាំងពេញប្រៀបច្រាំងបង្ខំឲ្យប្រជាពលរដ្ឋជាង ៣លាននាក់ជម្លៀសចេញពីលំនៅឋាន។ កាលពីថ្ងៃអាទិត្យ មនុស្ស ៤នាក់បាត់ខ្លួននៅពេលទូកមួយគ្រឿងកំពុងដឹកមនុស្ស ៩នាក់បានក្រឡាប់លិចនៅក្នុងភាគខាងកើតស្រុក Dibrugarh របស់រដ្ឋ Assam ដែលស្ថិតនៅចម្ងាយ ៥០០គីឡូម៉ែត្រភាគខាងកើតទីក្រុង Gauhati របស់រដ្ឋនេះ។

នគរបាលបាននិយាយថា ប្រតិបត្តិការស្វែងរកនៅកំពុងបន្ត ប៉ុន្តែត្រូវបានរំខានដោយសាររលកខ្លាំង។ ភ្លៀងរដូវមូសុងប្រចាំឆ្នាំតែងប៉ះពាល់ដល់តំបន់នេះក្នុងចន្លោះខែមិនាដល់ខែកញ្ញា។ ទឹកភ្លៀងមានសារៈសំខាន់ណាស់សម្រាប់ដំណាំទូទៅអំឡុងរដូវដាំដុះ តែជារឿយៗបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខមាន