ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមទៀត ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩ និងបញ្ហាអតិផរណា ។
ក្នុងឱកាសអញ្ជើញរំលឹកខួបទី៤៥ឆ្នាំ ទិវានៃការរចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាធ្លាប់ជាប្រទេសកសាងសេដ្ឋកិច្ចដ៏លំបាក ក្លាយជាប្រទេសមួយ ដែលមានការអភិវឌ្ឍ ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងមានមហិច្ឆតាឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ ហើយទម្លាក់អត្រានៃភាពក្រីក្រ ។
សម្ដេច បានបន្តថា កម្ពុជាបច្ចុប្បន្ន កំពុងប្រឹងប្រែងទប់ស្កាត់កុំឲ្យអត្រានៃភាពក្រីក្រ ធ្លាក់ដោយសារបញ្ហាជំងឺកូវីដ-១៩ ខណៈរាជរដ្ឋាភិបាលបានចិញ្ចឹមពលរដ្ឋប្រមាណជិត ៣លាននាក់ប៉ះពាល់ដោយជំងឺដ៏កាច់សាហាវនេះ ហើយត្រៀមឧបត្ថម្ភពលរដ្ឋបន្ថែមទៀត រងការប៉ះពាល់ពីកត្តាជំងឺកូវីដ-១៩ និងកត្តាអតិផរណា ។
គួរបញ្ជាក់ថា ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជួយឧបត្ថម្ភប្រាក់ប្រចាំខែដល់ពលរដ្ឋក្រីក្រ រងផលប៉ះពាល់ដោយសារបញ្ហាជំងឺកូវីដ-១៩ អស់ទឹកប្រាក់ចំនួនជាង ៦៨០លានដុល្លារអាមេរិក ខណៈប្រាក់ឧបត្ថម្ភមួយចំនួនទៀត បានផ្ដល់សម្រាប់គាំទ្រសុខភាពសង្គម មានស្ត្រីមានផ្ទៃពោះ និងជនពិការជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ