កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសនេះបានកត់ត្រាករណីគ្រុនក្ដៅជាង ១៨,៨២០នាក់បន្ថែមទៀត និងគ្មានករណីស្លាប់ថ្មី ស្របពេលការទទួលស្គាល់ការផ្ទុះរាលដាលវីរុស COVID-19 លើកដំបូងរបស់ខ្លួន។

ប្រទេសនេះបានរាយការណ៍ករណីជំងឺគ្រុនក្ដៅជាង ៤.៦លាននាក់អំឡុងការផ្ទុះរាលដាលជាលើកដំបូង ប៉ុន្តែក្រុមអាជ្ញាធរពុំបានបង្ហាញថា តើមានអ្នកជំងឺប៉ុន្មាននាក់ដែលបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមអាជ្ញាធរបានរាយការណ៍ករណីជំងឺគ្រុនក្ដៅជាង ២៣,១០០នាក់រយៈពេល ៣ថ្ងៃជាប់គ្នាដែលបានរាយការណ៍ការឆ្លងនៅតែមានចំនួនក្រោម ៣០,០០០នាក់។ របបឯកាដែលត្រូវបានដឹកនាំដោយមេដឹកនាំជំនាន់ទី៣ លោក Kim Jong Un មិនព្រមទទួលយកជំនួយពីប្រទេសខាងក្រៅទេរួមទាំងវ៉ាក់សាំង ទោះបីជាវិបត្តិកង្វះអាហារូបត្ថម្ភកាន់តែធ្ងន់ធ្ងរ និងប្រព័ន្ធថែទាំសុខភាពទន់ខ្សោយក៏ដោយ។
អង្គការសុខភាពពិភពលោកបានសម្តែងការមន្ទិលសង្ស័យ ចំពោះការអះអាងរបស់ប្រទេសកូរ៉េខាងជើងដែលថា ការផ្ទុះឡើងនៃជំងឺនេះកំពុងថយចុះដោយព្រមានថា ករណីឆ្លងត្រូវបានរាយការណ៍តិចតួច ហើយស្ថានភាពអាចនឹងកាន់តែយ៉ាប់យ៉ឺន។ ប្រទេសនេះបានរាយការណ៍ថា មានអ្នកស្លាប់ត្រឹមតែ ៧៣នាក់ប៉ុណ្ណោះមកទល់ពេលនេះ គឺទាបជាងអ្វីដែលត្រូវបានរំពឹងទុកសម្រាប់ការផ្ទុះពាក់ព័ន្ធនឹងការឆ្លងរាប់លាននាក់៕
អត្ថបទ៖ សុខមាន