ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លើកឡើងថា កិច្ចសហប្រតិបត្តិការល្អលើផ្នែកពាណិជ្ជកម្ម ជាពិសេសការអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក សម្រាប់កម្ពុជា បានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ទៅដល់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស និងជំរុញទំហំពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា បានកំពុងហក់ឡើងខ្ពស់គួរទីកត់សម្គាល់។
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការអនុគ្រោះពន្ធ និងការនាំចេញទៅកាន់សហរដ្ឋអាមេរិក ថា ពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក គឺជាកិច្ចសហប្រតិបត្តិការមួយយ៉ាងល្អ ដែលបច្ចុប្បន្នកំពុងបង្ហាញពីភាពជោគជ័យនៃការនាំចេញទំនិញរបស់កម្ពុជា ជាពិសេសបានផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកវិនិយោគទាំងអ្នកវិនិយោគខ្មែរ និងបរទេស ដោយពួកគេមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ហើយអាចនាំចេញទៅកាន់ទីផ្សារអាមរិក។
ចំណែកទីផ្សារនាំចេញ, ឯកឧត្តម បន្តថា ក្រោយពីមានកិច្ចសហប្រតិបត្តិការល្អ, ជាពិសេសមានការអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិកសម្រាប់កម្ពុជា ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-អាមេរិក ក្នុងឆ្នាំ ២០២១ សរុបមានចំនួនជិត ៨ ០០០ លានដុល្លារអាមេរិក ដោយឡែកកនៅក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ នេះ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក មានកំណើនជាង ៥៧ ភាគរយ ដែលជាកំណើនធំបំផុតនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជាបាននាំចេញទំនិញ ក្នុងអំឡុងខែមករា ដល់ខែ ឧសភា ឆ្នាំ ២០២២ នេះ មានតម្លៃជាង ៩ ៤១២ លានដុល្លារ កើនឡើង ៣៤,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ សម្រាប់ការនាំចេញ ផលិតកម្មសំលៀកបំពាក់ស្បែកជើង និងកាបូបធ្វើដំណើរមានតម្លៃសរុបចំនួន ៤ ៤៨៣ ដុល្លារ ស្មើនឹង ៤៧,៧ ភាគរយនៃតម្លៃនាំចេញសរុប។
សហរដ្ឋអាមេរិក នៅតែជាទីផ្សារធំបំផុត សម្រាប់ផលិតផលរបស់កម្ពុជា ដែលក្នុងរយៈពេលប្រាំខែនេះ មានទឹកប្រាក់សរុប ៣ ៧២៩ លានដុល្លារ ឬ ស្មើនឹង៥៧,៧ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា ចំណែការនាំចេញទៅវៀតណាម និងចិនជាប់ចំណាត់ថ្នាក់លេខ២ និងទី៣ ជាមួយនឹងបរិមាណនាំចូលពីកម្ពុជា ១ ០៧៩លានដុល្លារ និង ៥១៩លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី


