កណ្ដាល ៖ បន្ទាប់ពីបានដឹងថា ម្ចាស់ផ្ទះជួលឈ្មោះ ឈឿន ប៊ុនឆន នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រកាស មិនយកថ្លៃបន្ទប់ជួលជូនកម្មករកម្មការិនី រយៈពេលបីខែចាប់ពីខែមីនា រហូតដល់ខែឧសភា ឆ្នាំ២០២១នេះមក បណ្តាកម្មករ កម្មការិនីនានា បានថ្លែងការសប្បាយចិត្តជាខ្លាំង និងថ្លែងអំណរគុណដល់ម្ចាស់ផ្ទះជួល ហើយសូមសំណូមពរដល់ម្ចាស់ជួលផ្សេងៗ សូមជួយបន្ធូរបន្ថយតម្លៃការជួលបន្ទប់ស្នាក់ ដើម្បីជួយសម្រាប់ការលំបាកពីការងារនានាក្នុងអំឡុងពេលយើងកំពុងជួបរាតត្បាតនៃមេរោគកូវីដ១៩។
បើតាមបណ្តាកម្មករ កម្មការិនីរោងចក្រ ម៉េង តុង ដែលកំពុងជួលបន្ទប់ស្នាក់នៅក្នុងផ្ទះឈ្មោះឈឿន ប៊ុនឆន បានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែមីនានេះថា ការសម្រាប់បន្ធូរបន្ថយមិនយកថ្លៃជួលផ្ទះរយៈពេល៣នេះ គឺបានធ្វើអោយកម្មករ កម្មការិនីម្នាក់ បានចំណេញថវិកា ប្រមាណជាង៩០ដុល្លារ ដោយឡែកសម្រាប់ប្រើប្រាស់ទឹកភ្លើងវិញ គឺកម្មករ កម្មការិនីបន្តបង់ជាធម្មតា នៅក្នុងផ្ទះនេះ គឺមានបន្ទប់ជួលប្រមាណជាង ៦៩បន្ទប់។
សូមបញ្ជាក់ថា តាមរយៈការ comment របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីក្នុងហ្វេសប៊ុក ថ្លែងអរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់ម្ចាស់បន្ទប់ជួលម្នាក់ មានបន្ទប់ជួល៦៩បន្ទប់ ភាគច្រើនជាកម្មករជួលនោះ ដែលបានប្រកាសតាមរយៈ Facebook មិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី រយៈពេល ៣ខែ (មីនា មេសា ឧសភា) ដើម្បីចូលរួមជួយសម្រាលការលំបាករបស់កម្មករ ក្នុងអំឡុងវិបត្តិកូវីដ-១៩នេះ ដោយសម្តេចតេជោ ចាត់ទុកថា នេះជាការរួមចំណែកកាត់បន្ថយការលំបាករបស់កម្មករ-កម្មការិនី ដែលពេលនេះ ជាងពេលណាៗទាំងអស់ដែលខ្មែរយើងត្រូវចេះជួយគ្នា។
សម្តេចតេជោ សង្ឃឹមថា នឹងមានបងប្អូនដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួមដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុងគ្រាលំបាកនេះ តាមរយៈមិនយកថ្លៃឈ្នួលមួយរយៈពេល ឬបន្ធូរបន្ថយថ្លៃតាមតិចតាមច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន៕
អត្ថបទ ៖ ស៊ុម សុខជា