ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ នៅថ្ងៃទី៥ ខែកក្កដាខាងមុខនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ សុវត្ថិភាព និងសុខភាពការងារ និងរំលឹកដល់វិញ្ញាណក្ខន្ធកម្មករនិយោជិត ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅលើពិភពលោក។
យោងតាមសេចក្តីជូនដំណឹង ស្តីពី “ការប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាពនិងសុខភាពការងារ ២៨ មេសា ២០២២” ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា នេះជាឆ្នាំទី១៧ ដែលក្រសួងការងារនឹងប្រារព្ធទិវានេះឡើង ក្រោមប្រធានបទ “ធ្វើសកម្មភាពរួមគ្នាដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពការងារជាវិជ្ជមាន” ដែលនឹងរៀបចំឡើង នាខែកក្កដាក្រោយនេះ នៅខេត្តសៀមរាប ក្រោមការចូលរួមជាអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានអ្នកចូលរួមមកពីស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក តំណាងសហជីព និងកម្មករនិយោជិតសរុបប្រមាណ ៧០០នាក់។
ជាមួយគ្នានេះ ដើម្បីរួមចំណែក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ និងបង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ជាយថាហេតុដល់បងប្អូនកម្មករនិយោជិត ក្រសួងការងារ បានអំពាវនាវឲ្យរោងចក្រ សហគ្រាសទាំងអស់ ដែលបានបោះទីតាំងនៅតាមបណ្តារាជធានី ខេត្ត ត្រូវរៀបចំចងបដាពាក្យស្លោកមួយចំនួននៅតាមរបងខាងមុខរោងចក្រ សហគ្រាស ដើម្បីចូលរួមអបអរសាទរទិវានេះ ដែលពាក្យស្លោកទាំងនោះ មានដូចជា៖ មានសុវត្ថិភាព គឺគ្មានគ្រោះថ្នាក់ការងារ, រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ និងធានាឲ្យគ្រប់កន្លែងការងារនៅកម្ពុជាមានសុវត្ថិភាព។ល។
សូមបញ្ជាក់ថា ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ កាលពីឆ្នាំ២០២១ បានប្រារព្ធធ្វើឡើងទៅតាមប្រព័ន្ធ អនឡាញ ក្រោមប្រធានបទ “ត្រៀមទុកជាមុន រៀបចំឆ្លើយតបទៅនឹងវិបត្តិ៖ ស្តារឡើងវិញនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារជាតិប្រកបដោយប្រសិទ្ធភាព” ក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃគ្រោះថ្នាក់ការងារ និងការបាត់បង់ជីវិតរបស់កម្មករនិយោជិត ជាពិសេសផលប៉ះពាល់ទៅនឹងស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕អត្ថបទ៖បូរ៉ាវី
