អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យបានចាត់ទុកសប្តាហ៍នៅពេលខាងមុខនេះថា ជាប្រវត្តិសាស្ត្រ ដោយការថ្លែងរបស់គណៈកម្មការអឺរ៉ុបថា អ៊ុយក្រែនក្លាយជាបេក្ខជនសម្រាប់សមាជិកភាពដែលត្រូវបានពិភាក្សាដោយមេដឹកនាំនៃប្លុកទាំង 27ប្រទេស។

លោក Zelenskyy បាននិយាយថា វានឹងស្ថិតក្នុងចំណោមការសម្រេចលើជោគវាសនា សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រអ៊ុយក្រែន។ សង្គ្រាមបានបង្កើនសម្ពាធលើរដ្ឋាភិបាលសហភាពអឺរ៉ុប ដើម្បីដាក់បេក្ខភាពរបស់អ៊ុយក្រែនឲ្យបានឆាប់រហ័ស ប៉ុន្តែដំណើរការនេះត្រូវបានគេរំពឹងថានឹងចំណាយពេលច្រើនឆ្នាំ។ ខណៈលោកធ្វើដំណើរត្រឡប់ពីការចុះពិនិត្យទៅកាន់ទីក្រុង Mykolaiv និង Odesa តាមបណ្តោយសមុទ្រខ្មៅ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្តេជ្ញាការពារតំបន់ភាគខាងត្បូងរបស់ប្រទេស នៅក្នុងសុន្ទរកថារបស់លោក។ ថ្លែងនៅលើរថភ្លើងលោក Zelenskyy បាននិយាយថា យើងនឹងមិនប្រគល់តំបន់ភាគខាងត្បូងឲ្យទៅនរណាម្នាក់នោះទេ យើងនឹងយកត្រលប់មកវិញអ្វីៗទាំងអស់ដែលជារបស់យើង ហើយសមុទ្រនឹងជារបស់អ៊ុយក្រែន និងមានសុវត្ថិភាព។
លោក Zelenskyy និយាយថា យើងពិតជានឹងស្ដារឡើងវិញនូវអ្វីគ្រប់យ៉ាងដែលត្រូវបានបំផ្លាញ រុស្ស៊ីគ្មានមីស៊ីលច្រើនដូចប្រជាជនរបស់យើងមានបំណងប្រាថ្នាចង់រស់នៅនោះទេ។ សមាជិកសភាអ៊ុយក្រែនម្នាក់កាលពីថ្ងៃអាទិត្យបាននិយាយថា នៅក្នុងតំបន់មួយចំនួនរបស់ប្រទេសលោកស្រី អាវុធរុស្ស៊ីមានចំនួនច្រើនជាងអ៊ុយក្រែន ១០ទល់នឹង១។ លោកស្រី Ivanna Klympush-Tsintsadze បានថ្លែងទៅកាន់ទូរទស្សន៍អង់គ្លេស Sky News ដោយបន្តការអំពាវនាវសុំអាវុធធុនធ្ងន់បន្ថែមទៀតពីប្រទេសលោកខាងលិច។ ការគាំទ្រផ្នែកយោធាពីបណ្តាប្រទេសលោកខាងលិច គឺជាគន្លឹះនៃភាពជោគជ័យគួរឱ្យភ្ញាក់ផ្អើលរបស់អ៊ុយក្រែន ទប់ទល់កងកម្លាំងរុស្ស៊ីដែលមានចំនួនច្រើនជាង និងមានអាវុធល្អជាង៕
អត្ថបទ៖ ប៊ុនថន