ស្នូកឃ័រ៖ ការប្រកួតស្នូកឃ័រពានរង្វាន់ Tour Championship រវាងកីឡាករដែលមានលំដាប់ថ្នាក់លេខ១ ដល់លេខ៨ ពិភពលោកនោះបានរកឃើញ ៤នាក់ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ ជំនួបចុងក្រោយគេយប់មិញ កីឡាករលេខ១ ពិភពលោកអង់គ្លេស Judd Trump បានធ្លាក់ត្រឹមជុំដំបូង ក្រោយចាញ់កីឡាករមិត្តរួមជាតិអង់គ្លេស Barry Hawkins លំដាប់លេខ៨ ពិភពលោកលទ្ធផល ១០-៧ហ្វ្រេម។
កីឡាករវ័យ ៤១ឆ្នាំ Barry Hawkins បានបង្ហាញសមត្ថភាពអស្ចារ្យរបស់ខ្លួន ដោយបាននាំមុខក្នុងដំណាក់កាលដំបូង ៥-៣ហ្វ្រេម។ ឈានចូលដំណាក់កាលទី២ Hawkins នៅតែបន្តទំរង់ល្អរបស់ខ្លួន ទោះបីកីឡាករលេខ១ ពិភពលោក Judd Trump ព្យាយាមវាយបកក៏ដោយ ខណៈការប្រកួតបញ្ចប់ទៅដោយ Barry Hawkins យកឈ្នះ Judd Trump ១០-៧ហ្វ្រេម។ សរុបលទ្ធផលជុំដំបូងកន្លងមក Ronnie O’Sullivan យកឈ្នះ John Higgins ១០-៨ហ្វ្រេម, Neil Robertson យកឈ្នះ Jack Liswoski ១០-៥ហ្វ្រេម និង Mark Selby យកឈ្នះ Kyren Wilson ១០-៣ហ្វ្រេម។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Barry Hawkins ត្រូវជួប Ronnie O’Sullivan និង Neil Robertson ជួប Mark Selby។ ជើងឯក Tour Championship នឹងទទួលបានប្រាក់រង្វាន់ ១៥ម៉ឺនផោន៕
អត្ថបទ៖នាង សុភាវុធ