ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្ត F1 ហូឡង់ Max Verstappen បានប្រជែងឈ្នះការប្រកួត F1 នៅទឹកដីកាណាដាដើម្បីពន្លាតការនាំមុខក្នុងតារាងជើងឯកពិភពលោក។
Max Verstappen ដែលជាអ្នកឈ្នះក្នុងការប្រណាំងយកទីចេញដំណើរកាលពីថ្ងៃសៅរ៍នោះ បានរក្សាការនាំមុខរហូតដល់ទីព្រ័ត្រ បើទោះជាមានការប្រជែងខ្លាំងពីកីឡាកររបស់ Ferrari, Carlos Sainz នៅ ១៥ជុំចុងក្រោយ។ កីឡាកររបស់ Mercedes ទាំងពីរ Lewis Hamilton និង George Russell បានលេខ៣ និងលេខ៤ ស្របពេលកីឡាករម៉ូណាកូរបស់ Ferrari, Charles Leclerc បានលេខ៥ បន្ទាប់ពីចាប់ផ្តើមការប្រកួតនៅក្រោយគេដោយសារពិន័យ។
រីឯមិត្តរួមក្រុមរបស់ Verstappen កីឡាករម៉ិកស៊ិក Sergio Perez មិនអាចបញ្ចប់ការប្រកួតបានឡើយដោយសារបញ្ហាគ្រឿងម៉ាស៊ីន។ ក្រោយការប្រកួតនៅកាណាដានេះ Max Verstappen ពន្លាតការនាំមុខក្នុងតារាងជើងឯកពិភពលោកដោយមានសរុប ១៧៥ពិន្ទុពីលើមិត្តរួមក្រុម Sergio Perez ៤៦ពិន្ទុ ខណៈ Charles Leclerc ឈរលេខ៣ តាមពីក្រោយ Perez ៣ពិន្ទុ។ ទីលានបន្ទាប់ F1 នឹងបន្តដំណើរទៅទឹកដីអង់គ្លេសដើមខែកក្កដាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ