កំពត៖ ខេត្តកំពតបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញទី៥ ដល់មន្រ្តីជួរមុខ និងពលរដ្ឋដល់ថ្ងៃកំណត់ត្រូវចាក់ នៅថ្ងែទី៨ ខែមិថុនា ឆ្នាំ២០២២ ហើយគិតមកដល់ ថ្ងៃទី១៩ ខែមិថុនានេះ រដ្ឋបាលខេត្តកំពតបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញទី៥ ជិតពីរពាន់នាក់ ហើយការចាក់ដូសទី៥ សម្រាប់ពលរដ្ឋទូទៅនឹងឡើងចាប់ពីថ្ងៃទី២០ ខែមិថុនានេះតទៅ។
ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្តកំពត លោក ស៊ីន ចូវ បានប្រាប់ឲ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ គ្រប់ដូសទាំងអស់ នៅតែបន្តធ្វើឡើងតាមធម្មតា នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យឯកជនមួយចំនួន សរុបទាំងអស់មាន ៧២ទីតាំនៅក្នុងខេត្ត។
លោក បានបន្តថា ដំណើរនៃការចាក់វ៉ាក់សាំងមិនសូវមមាញឹកទេក្នុងពេលបច្ចុប្បន្ននេះ ហើយមន្ត្រីជួរមុខបានមកទទួលវ៉ាក់សាំងដូសទី៥ បានចំនួន១៩០៧នាក់។ ប៉ុន្តែលោកសន្និដ្ឋានថា ចាប់ពីថ្ងៃទី២០ ខែមិថុនានេះទៅ ការងារចាក់វ៉ាក់សាំងអាចនឹងមមាញឹកជាងមុន ដោយសារដូសទី៥ ចាប់ផ្តើមបើកចាក់ជូនប្រជាពលរដ្ឋទូទៅ ម្យ៉ាងទៀតពលរដ្ឋដែលដល់ថ្ងៃកំណត់ត្រូវមកចាក់ដូសទី៣ និងទី៤ក៏មានច្រើន។
តាមរបាយការណ៍លទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឹកូវីដ១៩ ជូនពលរដ្ឋខេត្តកំពត គិតត្រឹមថ្ងែទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ សម្រេចបាន៖ ដូសទី១ ជាង៥៤ម៉ឺននាក់ ស្មើនឹង៨១.៥២% , ដូសទី២ជាង ៥១ម៉ឺននាក់ ស្មើនឹង ៩៤.៥៦% , ដូសទី៣ ជាង៣១ម៉ឺននាក់ ស្មើនឹង៦២.១៤% , ដូសទី៤ បានជាង៥ម៉ឺននាក់ ស្នើ១៩.២២% និងដូសទី៥ ចាក់បាន ១.៩០៧នាក់ ស្មើនឹង៤.៩៨% បើធៀបនឹងដូសទី៤ ។
លោកប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ បានអំពាវនាវដល់ក្រុមមនុស្សគ្រប់ប្រភេទដែលដល់ថ្ងៃកំណត់ត្រូវចាក់វ៉ាក់សាំង សូមនាំគ្នាទៅចាក់នៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះរបស់បងប្អូនផ្ទាល់។ ខេត្តកំពតទទួលវ៉ាក់សាំងការពារកូវីដ១៩ សរុបចំនួន ១,២៧៤,៣២៦ដូស បានប្រើប្រាស់ ១,២០០,៧៣៧ដូស នៅសល់ក្នុងស្តុក ចំនួន ៧៣,៥៨៨ដូស៕អត្ថបទ៖ អន សារឹម