បាល់ទាត់៖ ក្លិបបាល់ទាត់ញញួរធំ West Ham បានសម្រេចក្នុងការនាំយកខ្សែការពារម៉ារ៉ុក Nayef Aguerd តម្លៃ ៣០លានផោនពីក្លិបបារាំង Rennes។ ក្លិបបាល់ទាត់នៅ Premier League មួយនេះបានបញ្ជាក់ថា កីឡាករវ័យ ២៦ឆ្នាំរូបនេះបានសំរេចចុះហត្ថលេខារយៈពេល ៥ឆ្នាំជាមួយ West Ham។

Nayef Aguerd បានបង្ហាញខ្លួនសរុប ៦៦ប្រកួតឱ្យ Rennes តាំងពីផ្លាស់ពី Dijon នៅឆ្នាំ២០២០។ ការផ្ទេររបស់ Nayef Aguerd មកកាន់ West Ham បានធ្វើឱ្យរូបគេក្លាយជាកីឡាករថ្លៃបំផុតទី៤ របស់ក្លិបបន្ទាប់ពី Sebastien Haller, Felipe Anderson និង Kurt Zouma។ West Ham បានឈានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League រដូវកាលមុន និងបញ្ចប់លេខ ៧ ក្នុងតារាងនៅ English Premier League។ Nayef Aguerd គឺជាសមាជិកសំខាន់របស់ក្រុមជំរើសជាតិម៉ារ៉ុកដោយធ្លាប់បានបង្ហាញខ្លួនសរុប ២៥លើក បូករួមទាំងចូលរួមការប្រកួតពានរង្វាន់ជើងឯកអាហ្វ្រិកដែលម៉ារ៉ុកឡើងដល់វគ្គ ៨ក្រុមចុងក្រោយ និងបង្ហាញខ្លួនទាំងពីរប្រកួតវគ្គ Play-Off ដែលម៉ារ៉ុកយកឈ្នះសាធារណរដ្ឋកុងហ្គោបានកៅអី World Cup នៅកាតា៕
អត្ថបទ៖នាង សុភាវុធ