ភ្នំពេញ៖ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៥ គិតត្រឹមថ្ងៃទី២០ ខែមិថុនា មានចំនួនសរុប២២ ០៨៦នាក់ (១.៥៦%)។
ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានលើកឡើងទៀតថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកុមារអាយុចាប់ពី៣ឆ្នាំឡើង គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២៖
-លទ្ធផលចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ (គោលដៅ៧២ ៨៥៤នាក់) ដូសទី១៖ ៩២.៣%, ដូសទី២៖ ៦១.៥៤%។
-លទ្ធផលចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៥ឆ្នាំ (គោលដៅ៤៩ ៨៤៨នាក់) ដូសទី១៖ ១២១.៨៧%, ដូសទី២៖ ១០២.០៩% និងដូសទី៣៖ ៥.៧៥%។
-លទ្ធផលចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ(គោលដៅ២២១ ១៣៦នាក់) ដូសទី១៖ ១០៦.៥៦%, ដូសទី២៖ ១១១.៣៥% និងដូសទី៣៖ ៦៥.៦០%។
-លទ្ធផលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង (គោលដៅ១ ៤១២ ៧៦៩នាក់) ដូសទី១៖ ១២៥.១៨%, ដូសទី២៖ ១២១.៨១%, ដូសទី៣៖ ១០៤.៦២% និងដូសទី៤៖ ៧៦.១១%។
ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង មានប្រសាសន៍ថា “នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង មានចំនួន១ ៤១២ ០០០នាក់ គឺ៧៦% នៃចំនួនខាងលើនេះ បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៤ រួចរាល់។ រីឯដូសជំរុញទី៥ ទើបតែចាក់វ៉ាក់សាំងបានចំនួនជាង ២ម៉ឺននាក់។”
ទន្ទឹមនឹងនោះប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់នៅតាមមនី្ទរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងមូលដ្ឋានរាជធានីភ្នំពេញ បន្តយុទ្ធនាការផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជារៀងរាល់ថ្ងៃ មិនថាថ្ងៃឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យនោះទេ គឺក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំងជូនជាធម្មតា ចាប់ពីដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ព្រមទាំងសហការជាមួយអាជ្ញាធរភូមិ សង្កាត់ គ្រប់ខណ្ឌ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់មិនរៀបរយ ពីផ្ទះមួយ ទៅផ្ទះមួយ គោលដៅប្រជុំជននានា និងតំបន់រោងចក្រ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងគ្រប់ចំនួន៕ អត្ថបទ៖ រដ្ឋា