រុស្ស៊ី៖ លោក Dmitry Muratov និពន្ធនាយកជនជាតិរុស្ស៊ីរបស់សារព័ត៌មានឯករាជ្យ Novaya Gazeta កាលពីថ្ងៃចន្ទបានលក់ដេញថ្លៃមេដាយមាសពានរង្វាន់ណូបែលសន្តិភាពរបស់លោកក្នុងតម្លៃ ១០៣.៥លានដុល្លារអាមេរិកដើម្បីជួយដល់កុមារអ៊ុយក្រែនដែលបានភៀសខ្លួន ដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។

មេដាយនេះត្រូវបានលក់ទៅឱ្យអ្នកដេញថ្លៃទូរស័ព្ទ ដែលមិនស្គាល់អត្តសញ្ញាណនៅកន្លែងលក់នៅទីក្រុង New York ដែលរៀបចំដោយកម្មវិធីដេញថ្លៃបេតិកភណ្ឌ។ លោក Muratov បានឈ្នះពានរង្វាន់នេះក្នុងឆ្នាំ2021 រួមជាមួយអ្នកសារព័ត៌មាន Maria Ressa ជនជាតិហ្វីលីពីន ដោយគណៈកម្មការផ្ដល់កិត្តិយសដល់ពួកគេ សម្រាប់កិច្ចខិតខំប្រឹងប្រែងការពារសិទ្ធិបញ្ចេញមតិ។ លោកស្ថិតក្នុងចំណោមក្រុមអ្នកសារព័ត៌មាន ដែលបានបង្កើតក្រុមហ៊ុនសារព័ត៌មាន Novaya Gazeta ក្នុងឆ្នាំ1993 បន្ទាប់ពីការដួលរលំអតីតសហភាពសូវៀត។
ឆ្នាំនេះ សារព័ត៌មាននេះក្លាយជាសារព័ត៌មានដ៏ធំតែមួយគត់រិះគន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងយុទ្ធវិធីនានារបស់លោកទាំងនៅក្នុង និងក្រៅប្រទេស។ ការដេញថ្លៃផ្សាយផ្ទាល់នេះបានកើតឡើងចំថ្ងៃទិវាជនភៀសខ្លួនពិភពលោក។ កាលពីមុនពានរង្វាន់ណូបែបសន្តិភាពដូចនេះ ត្រូវបានផ្ដល់តម្លៃខ្ពស់បំផុត ៤.៧៦លានដុល្លារអាមេរិកកាលពីឆ្នាំ2014៕
អត្ថបទ៖ សុខមាន