អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy កាលពីថ្ងៃចន្ទបាននិយាយថា ទ្វីបអាហ្វ្រិកគឺជាចំណាប់ថ្នូរនៃសង្គ្រាមជាមួយរុស្ស៊ី ដែលបានរុញឲ្យតម្លៃស្បៀងអាហារហក់ឡើងខ្ពស់នៅលើទ្វីបនេះ។ បណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកត្រូវបានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែវិបត្តិចេះតែកើនឡើងដែលបានធ្វើឲ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និងជីកសិកម្មហក់ឡើងខ្ពស់កប់ពពក។

រុស្ស៊ី និងអ៊ុយក្រែននាំចេញជិតមួយភាគបីនៃការផ្គត់ផ្គង់ស្រូវសាលីសកល ខណៈរុស្ស៊ីក៏ជាប្រទេសនាំចេញជីកសិកម្មដ៏សំខាន់របស់ពិភពលោក ហើយអ៊ុយក្រែនក៏ជាប្រទេសនាំចេញពោត និងប្រេងផ្កាឈូករ័ត្នដ៏សំខាន់មួយផងដែរ។ នៅក្នុងសុន្ទរកថាទៅកាន់ក្រុមមេដឹកនាំសហភាពអាហ្វ្រិក លោក Zelenskiy បាននិយាយថា ទ្វីបនេះត្រូវជាប់ក្នុងស្ថានភាពដែលខ្លួនមិនបានចូលរួម។
ទីក្រុង Moscow បានច្រានចោលការចោទប្រកាន់ដែលថា ខ្លួនកំពុងរារាំងការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនដោយចេតនា ហើយនិយាយថា ការឡើងថ្លៃស្បៀងអាហារ និងប្រេងជាសកលគឺដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើប្រទេសរុស្ស៊ី ជុំវិញការវាយប្រហារកាលពីថ្ងៃទី24 ខែកុម្ភៈ ដែលខ្លួនហៅថាជាប្រតិបត្តិការសឹកពិសេស៕
អត្ថបទ៖ សុខមាន