ភ្នំពេញ៖ តម្លៃប្រេងកើនឡើងខ្ពស់ បានជះឥទ្ធិពលទៅលើតម្លៃមុខទំនិញជាទូទៅឡើង ដែលបង្កទៅជាអតិផរណានៃមុខទំនិញ។ អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា វិស័យរដ្ឋ និងឯកជន អាចបង្កើនការគ្រប់គ្រង ផលិត និងបង្កើនខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុកផ្គត់ផ្គង់ទីផ្សារ និងកាត់បន្ថយការនាំចូលទំនិញអតិបរមា ដើម្បីចូលរួមកាត់បន្ថយអតិផរណានៃការកើនថ្លៃម្ហូបអាហារ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ នេះថា វិបត្តិជំងឺកូវីដ ១៩ និងវិបត្តិសកលថ្មីរវាងរុស្សី-អ៊ុយក្រែន បាននិងកំពុងធ្វើថ្លៃទំនិញជាទូទៅកើនឡើង។
លោកបណ្ឌិត បន្តថា ដើម្បីរក្សាអតិផរណាក្នុងកម្រិតមួយអាចគ្រប់គ្រងបាន អ្នកពាក់ព័ន្ធទាំងក្នុងវិស័យរដ្ឋ និងឯកជន ត្រូវចូលរួមសហការគ្រប់គ្រង ផលិត និងបង្កើនខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុកជំនួសការនាំចូលឲ្យបានជាអតិបរមា។
ចំណែក លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា លើកឡើងថា នៅកម្ពុជា វិស័យម្ហូបអាហារនេះ មានការប្រែប្រួលបន្តិចបន្ទួចផងដែរ តែចំពោះស្រូវ-អង្ករ ដែលជាចំណែកនៃការផ្គត់ផ្គង់ធំជាងគេ មិនទាន់មានការប្រែប្រួលគួរឱ្យកត់សម្គាល់ឡើយ។ លោករំពឹងថា នៅក្នុងរយៈពេលខ្លីឆ្នាំ២០២២-២០២៣ កម្ពុជានឹងអាចទប់ស្កាត់បាន។
សូមបញ្ជាក់ថា ជុំវិញអតិផរណាថ្លៃម្ហូបអាហារនៅកម្ពុជា ថ្មីៗនេះ មន្រ្តីជំនាញហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានបង្ហាញនូវការព្រួយបារម្មណ៍ផងដែរ ចំពោះបញ្ហាកើតឡើងជាសកល នៃភាពមិនច្បាប់លាស់រុស្សី-អ៊ុយក្រែន និងការអូសបន្លាយនៃវិបត្តិកូវីដ ១៩ ដែលអាចនឹងធ្វើឲ្យមានការប៉ះពាល់ដល់អតិផរណាថ្លៃម្ហូបអាហារ និងមុខទំនិញផ្សេងៗ ប្រសិនវិបត្តិទាំងនេះនៅតែអូសបន្លាយ៕
អត្ថបទ៖ សុន រ៉ាឌី



