រុស្ស៊ី៖ កាលពីថ្ងៃចន្ទ ប្រទេសរុស្ស៊ីបានចោទប្រទេសជាសមាជិកមួយចំនួន នៃក្រុមប្រទេសឧស្សាហកម្មលូតលាស់ទាំង២០ ឬ G20 ពីបទយកកិច្ចប្រជុំស្ដីពីសុខភាពសកលមកធ្វើជារឿងនយោបាយ ខណៈខ្លួនប្រឈមការរិះគន់ជុំវិញការវាយប្រហាររបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ជាដើមចមធ្វើឲ្យប្រព័ន្ធថែទាំសុខភាពរបស់ខ្លួនធ្លាក់ក្នុងភាពចលាចល។

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានគ្របដណ្ដប់កិច្ចប្រជុំ G20 នៅឆ្នាំនេះ ដែលបច្ចុប្បន្នម្ចាស់ផ្ទះឥណ្ឌូនេស៊ីព្យាយាមបង្រួបបង្រួមក្រុមប្រទេសនេះ និងទប់ទល់សម្ពាធពីសមាជិកលោកខាងលិច ឲ្យដកប្រទេសរុស្ស៊ីចេញពីកិច្ចប្រជុំនេះ។ មន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោក Oleg Salagay បានប្រាប់ជំនួបថ្នាក់រដ្ឋមន្ត្រីសុខាភិបាល G20 នៅក្នុងទីក្រុង Yogyakarta របស់ប្រទេសឥណ្ឌូនេស៊ីថា យើងកំពុងស្នើឲ្យមិត្តរួមការងាររបស់យើង កុំយកវេទិកាស្ដីពីសុខភាពរបស់ប្រទេស G20 ធ្វើជាបញ្ហានយោបាយ និងបន្តនៅជាមួយគ្នា និងពិភាក្សាការថែទាំសុខភាពជាមួយគ្នា។ ក្រុមតំណាងមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី និងកាណាដាបានជំរុញឲ្យរុស្ស៊ីបញ្ចប់ការវាយលុករបស់ខ្លួន៕
អត្ថបទ៖ សុខមាន