ភ្នំពេញ ៖ នាព្រឹកថ្ងៃថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីវាយគង ជួង រគាំង ទូងស្គរ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ពិធីនេះ ប្រព្រឹត្តទៅក្រោមព្រះវត្តមានសម្ដេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្ត និងយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋ «៣ ការពារ និង ៣កុំ» ។
ការទូងស្គរនេះ ក៏ជាសារដាស់តឿន ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងទប់ស្កាត់នូវការឆ្លងរីករាលដាលមេរោគកូវីដ-១៩ តាមអនុសាសន៍របស់សម្តេចតេជោ និងវិធានការណ៍របស់ក្រសួងសុខាភិបាល។ ខណៈដែលកម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត៕
អត្ថបទ ៖ ឡឹក សុផាន់ណា






