បាល់ទាត់៖ ខ្សែការពារចូលថ្មីរបស់ Real Madrid, Antonio Rudiger បានបង្ហាញខ្លួនជាផ្លូវការហើយក្រោយចាកចេញពីតោខៀវ Chelsea។ Antonio Rudiger បានចាកចេញពី Chelsea ក្រោយកិច្ចសន្យាអស់សុពលភាព។

កីឡាករជំរើសជាតិអាល្លឺម៉ង់វ័យ ២៩ឆ្នាំរូបនេះចុះហត្ថលេខាលើកិច្ចសន្យា ៤ឆ្នាំជាមួយក្រុមជើងឯកអេស្ប៉ាញ និងអឺរ៉ុប Real Madrid ក្រោយបដិសេធសំណើបន្តកិច្ចសន្យាជាមួយ Chelsea។ និយាយក្នុងឱកាសបង្ហាញខ្លួនឱ្យ Real Madrid នៅចំពោះមុខអ្នកសារព័ត៌មាន Rudiger បាននិយាយថា គេបានបដិសេធសំណើរបស់ FC Barcelona ក៏ព្រោះតែចាប់អារម្មណ៍តែលើការផ្ទេរមកកាន់ Real Madrid គេចាត់ទុកថាជាក្លិបកំពូលនៅលើលោក។ រំលឹកថា Antonio Rudiger បានផ្លាស់មកកាន់ Chelsea កាលពីឆ្នាំ២០១៧ ផ្ទេរពី AS Roma ក្នុងតម្លៃ ២៩លានផោន និងបានបង្ហាញខ្លួនសរុប ២០៣ប្រកួតរកបាន ១២គ្រាប់ ឈ្នះជើងឯក FA Cup, Champions League, Europa League, UEFA Super Cup និង FIFA Club World Cup៕
អត្ថបទ៖នាង សុភាវុធ