ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (Cambodia Private Commercial Center) នៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ ដែលនឹងក្លាយជាស្ពានសម្រាប់ផ្សារភ្ជាប់កាន់តែល្អប្រសើរថែមទៀតនូវទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ មិថុនា ឆ្នាំ២០២២ ពិធីសម្ពោធជាផ្លូវការ នេះ មានការចូលរួមជាភ្ញៀវកត្តិយសដោយផ្ទាល់ និងផ្ញើរសារជូនពរពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូបពីភាគីជប៉ុន ព្រមទាំងភ្ញៀវកិត្តិយសជាឥស្សរជន នយោបាយ, សមាជិករដ្ឋសភា, សមាជិកសភាខេត្ត, អ្នកការទូត, អភិបាលក្រុង ស្រុក តំណាងស្ថាប័នគាំទ្រពាណិជ្ជកម្ម សភាពាណិជ្ជកម្ម សមាគមអាជីវកម្ម ក្រុមហ៊ុនជាច្រើនផ្សេងទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន មានប្រសាសន៍ថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅប្រទេសជប៉ុន គឺជាសមិទ្ធផលថ្មីស្រឡាង បានមកពីការរួមសហការរបស់វិស័យឯកជននៅជប៉ុន និងស្ថាប័នជំនាញនៅកម្ពុជា ដោយមានស្ថានទូតនៃប្រទេសទាំងពីរ ជាស្ពានសម្របសម្រួល។
មជ្ឈមណ្ឌលនេះ គឺជាស្ពាន និងជាកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជនទូទៅមកទំនាក់ទំនងដោយផ្ទាល់ ពិនិត្យផលិតផលសក្តានុពលកម្ពុជា ដែលមានតាំងបង្ហាញ សាកសួរព័ត៌មានច្បាប់បញ្ញត្តិ និងស្រាយចម្ងល់នានា ដើម្បីមានមូលដ្នានសម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន។
ឯកឧត្តម បានជម្រាបជូនអង្គពិធី អំពីសមិទ្ធិផលថ្មីៗដែលកម្ពុជាសម្រេចបាន ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការស្ដារសេដ្ចកិច្ចឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ រួមមាន៖ ភាពជោគជ័យលើការគ្រប់គ្រងកូវីដ១៩ តាមការចាក់វ៉ាក់សាំងការពារបានយ៉ាងទូលំទូលាយជូនប្រជាពលរដ្ឋទូទាំងប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី, ការសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងកាលៈទេសៈកូវីដ១៩ គឺការសាងសង់ព្រលានយន្តហោះថ្មីចំនួន៣ (ភ្នំពេញថ្មី សៀមរាប និងកោះកុង) និងការសាងសង់ផ្លូវល្បឿនលឿនថ្មី១ខ្សែភ្នំពេញ-ខេត្តព្រះសីហនុ។
ឯកឧត្តម ក៏បានលើកឡើងពីច្បាប់ស្តីពីការវិនិយោគថ្មី ដែលត្រូវបានអនុម័ត នាខែតុលា ឆ្នាំ២០២១ និងការចូលជាធរមាននៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដែលជប៉ុនជាសមាជិកដ៏សំខាន់មួយ, និងចំណងមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន នៅតែស្ថិតស្ថេរ និងបន្តរីកចម្រើន ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសកម្ពុជា និងជប៉ុន ក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងអំណគុណចំពោះ ក្រុមហ៊ុន Kojima Holding Co., Ltd សហគមន៍ខ្មែរនៅជប៉ុន, ក្រសួងស្ថាប័នជំនាញ បានគាំទ្រជាកំលាំងកាយ កំលាំងចិត្ត ស្មារតី ឯកសារ សម្ភារៈ និងការសម្របសម្រួលគ្រប់ទំរង់ រួមចំណែកធ្វើឲ្យកើតជារូបរាងឡើង មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាដ៏ស្រស់ល្អ ដំបូងគេលើទឹកដីជប៉ុននៅពេលនេះ៕ អត្ថបទ៖ បូរ៉ាវី





