ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការវាយការលុកពីជំងឺកូវីដ-១៩ និងធានានិរន្តរភាពការសិក្សា កុមារ និងយុវវ័យអាយុពី១២ ដល់ក្រោម១៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី២១ខែមិថុនានេះ បន្តទៅចាក់វ៉ាក់សាំងដូសជំរុញទី៤ ប្រភេទPfizer។
កុមារ និងយុវវ័យអាយុពី១២ ដល់ក្រោម១៨ឆ្នាំ មកចាក់វ៉ាក់សាំងដូសទី៤ ស្ថិតក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ខែមិថុនានេះ បានប្រាប់BTVឲ្យដឹងថា ការស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងដូសជំរុញទី៤ គឺដើម្បីការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ និងមិនចង់ឲ្យមានការបិទសាលារៀនដូចកាលពីឆ្នាំមុន ព្រោះជំងឺកូវីដ-១៩នោះទេ។
ពួកគាត់ បន្តថា កាលពីឆ្នាំមុនរៀនតាមអនឡាញពិបាកសិក្សា ប៉ុន្តែនៅឆ្នាំនេះ ចូលសាលារៀនវិញមានភាពងាយស្រួលច្រើនជាងមុន។ ជាមួយគ្នានេះ អាណាព្យាល បានបង្ហាញការសប្បាយចិត្ត និងអគុណដល់រាជរដ្ឋាភិបាល ដែលអនុញ្ញាតដល់កូនៗរបស់ពួកគាត់ទទួលបានការចាក់វ៉ាក់សាំងដូសទី៤។
យោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានបង្ហាញថា គិតត្រឹមថ្ងៃទី២០ខែមិថុនាម្សិលមិញ កុមារ និងអាយុវវ័យ អាយុពី១២ ដល់ក្រោម១៨ឆ្នាំ នៅទូទាំងប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងដូសជំរុញទី៤ ប្រភេទPfizer មានចំនួនជាង ៣៤ម៉ឺននាក់ និងវ៉ាក់សាំងប្រភេទ Sinovac មានចំនួនជាង៥ពាន់នាក់។
ចាប់ពីតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក ប្រទេសកម្ពុជា បើកដំណើរការសេដ្ឋកិច្ចធម្មតា ជាមួយវត្តមានជំងឺកូវីដ-១៩ ក្រោយពេលរាជរដ្ឋាភិបាលទទួលបានជោគជ័យ លើនយោបាយចាក់វ៉ាក់សាំងកូវីដ ស្រោចលើប្រជាពលរដ្ឋបានជាច្រើនលាននាក់៕ អត្ថបទ៖ទូច សោភ័ណ