ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាល្លឺម៉ងប្រចាំប្រទេសកម្ពុជា បានថ្លែងសរសើរនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា បើទោះបីជាមានឧបសគ្គដោយសារកូវីដ១៩ ក៏ដោយ ប៉ុន្តែទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ អាល្លឺម៉ង់ កម្ពុជាមានការរីកចម្រើន និងមានសន្ទុះកាន់តែខ្លាំងឡើង។
ការវាយតម្លៃរបស់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Christian Berger យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងជំរាបលា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១មិថុនា ខណៈឯកឧត្តម បានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមគ្រីស្ទីន ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបេសកកម្មការទូតរបស់ឯកឧត្តម ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអាល្លឺម៉ង់ឲ្យមានការរីកចម្រើនគួរជាទីមោទនៈនិងមានសន្ទុះកាន់តែខ្លាំងឡើង ។ សម្ដេច ក៏បានជូនពរឱ្យឯកឧត្តមគ្រីស្ទានទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតនៅក្នុងបេសកកម្មរបស់ឯកឧត្តមទៅថ្ងៃអនាគត៕ អត្ថបទ៖ មុត សុទ្ធ





