វាយកូនបាល់៖ កីឡាការិនីដែលមានដើមកំណើតរុស្ស៊ី Natela Dzalamidze មានសិទ្ធិប្រកួតនៅ Grand Slam, Wimbledon វិញ បន្ទាប់ពីផ្លាស់ប្តូរសញ្ជាតិមកប្រកួតតំណាងឱ្យប្រទេសហ្សកហ្ស៊ី។ ពានរង្វាន់វាយកូនបាល់ធំជាងគេ Wimbledon បានសំរេចហាមឃាត់មិនឱ្យកីឡាករ-កីឡាការិនីរុស្ស៊ី និងបេឡារុស្ស៊ីចូលរួមការប្រកួតដោយសារតែបញ្ហាសង្គ្រាមរបស់រុស្ស៊ីមកលើអ៊ុយក្រែន។
កីឡាការិនី Natela Dzalamidze វ័យ ២៩ឆ្នាំបានស្ថិតក្នុងបញ្ជីឈ្មោះរបស់ Wimbledon ជាសញ្ជាតិហ្សកហ្ស៊ី និងបានចូលរួមការប្រកួត French Open កាលពីខែឧសភាកន្លងមដោយមិនស្ថិតក្រោមទង់រុស្ស៊ី។ Natele គឺជាកីឡាការិនីប្រកួតក្នុងវិញ្ញាសាវាយគូនារីដោយចាប់ដៃគូជាមួយកីឡាការិនីស៊ែប Aleksandra Krunic។ ព្រឹត្តិការណ៍ Grand Slam, Wimbledon នឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនានេះ ហើយយើងនឹងមិនឃើញមានវត្តមានរបស់កីឡាករលំដាប់លេខ ១ ពិភពលោករុស្ស៊ី Daniil Medvedev ចូលរួមឡើយ៕
អត្ថបទ៖នាង សុភាវុធ