ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ប្រេងម៉ាស៊ូត មានតម្លៃ៦ ៣០០រៀល ក្នុង១លីត្រ បានឡើងថ្លៃចំនួន ២០០រៀល ចំណែកប្រេងសាំងធម្មតារក្សាថ្លៃនៅដដែល គឺ ៥ ៨០០រៀល នៅក្នុង១លីត្រ។
ក្រសួងពាណិជ្ជកម្ម នៅក្នុងសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនៅរសៀលថ្ងៃទី២១ ខែមិថុនា នេះ តម្លៃប្រេងសាំងធម្មតានិងម៉ាស៊ូត គឺយោងលើការព្រមព្រៀងលើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេង ឥន្ធនៈ ដែលប្រកបអាជីវកម្មនៅកម្ពុជា និងយោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
ក្រសួងបានអះអាងទៀតថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះ តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាដដែល គឺចំនួន ៦.៥សេនដុល្លារ ក្នុង១លីត្រ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ទាក់ទិនការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជានេះ ក្រសួងគ្រាន់ តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងភ្ជាប់ក្នុង ឯកសារប៉ុណ្ណោះ៕អត្ថបទ៖ ឈិត បូរ៉ាវី

