តាកែវ ៖ បន្ទាប់ពីយកសំណាកអ្នកពាក់ព័ន្ធទៅនិងព្រឹត្តការថ្ងៃទី១២មិនា នៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ដែលមានអ្នកជំងឺកូវីដ១៩ ទៅចូលរួមនៅក្នុងពិធីរៀបមង្គលការ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី១ និងលើកទី២ ទទួលលទ្ធផលអវិជ្ជមានទាំង២លើក នៅថ្ងៃទី២៦ ខែមិនានេះ មន្ត្រីជំនាញ បានចុះទៅយកសំណាកអ្នកពាក់ព័ន្ធទៅពិនិត្យលើកទី៣បន្តទៀត ដើម្បីអោយច្បាស់ថា ពួកគេមិនបានឆ្លងជំងឺកូវីដ១៩ នោះទេ។
លោក កេត ម៉ៅ អភិបាលស្រុកសំរោង ដែលបានចុះទៅដល់ទីតាំងយកសំណាក បានថ្លែងឲ្យដឹងថា មន្ត្រី ជំនាញសុខាភិបាលបានយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់ចំនួន៣៦នាក់ ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ នៃពិធីមង្គលការនៅស្រុកសំរោង ដោយឡែកអ្នកពាក់ព័ន្ធប្រយោលមន្ត្រីជំនាញមិនបានយកសំណាកនោះទេ ក៏ប៉ុន្តែបើករណីពិនិត្យលើកទី៣ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ អ្នកពាក់ព័ន្ធប្រយោល នឹងត្រូវយកសំណាកទៅពិនិត្យផងដែរ។
លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ បានថ្លែងឲ្យដឹងថា សម្រាប់ស្រុកត្រាំកក់ដែលមានអ្នកពាក់ ព័ន្ធជាង១០ នៅក្នុងព្រឹត្តិការណ៍ ពិធីមង្គលការនៅស្រុកសំរោង ត្រូវបានយកសំណាកលើកទី៣ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ផងដែរនៅថ្ងៃនេះ។
ពាក់ព័ន្ធទៅនឹងការបិតភូមិចំនួន៣ នៅក្នុងស្រុកសំរោង ត្រូវបានប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត អះអាងថា និងបើកភូមិវិញជាធម្មតានៅពេលដែលការពិនិត្យអ្នកពាក់ព័ន្ធអវិជ្ជមានលើកទី៣។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ មានអ្នកលេងបណ្ដាញសង្គមម្នាក់នៅរាជធានីភ្នំពេញ បានមកចូលរួមពិធីមង្គលការមិត្ត ភក្តិរបស់ខ្លួន នៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បន្ទាប់ពីបានចូលរួមមង្គលការបានពីរថ្ងៃ បុគ្គលខាងលើបានទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលលទ្ធផល គឺវិជ្ជមានជំងឺកូវីដ-១៩។ បន្ទាប់ពីទទួលបានដំណឹងវិជ្ជមាននេះ អាជ្ញាធរខេត្តតាកែវ បានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយបុគ្គលខាងលើ ជិត៥រយនាក់ ហើយអាជ្ញាធរ ក៏បានបិទភូមិកើតហេតុខាងលើ និងបានយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់ជាង១០០នាក់ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ នឹងណែនាំអ្នកប៉ះពាល់ដោយប្រយោលត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពផងដែរ៕
អត្ថបទ ៖ គុជ វិភាគ