អន្ដរជាតិ៖ លោក Serhiy Gaidai គឺជាអភិបាលតំបន់ Luhansk របស់អ៊ុយក្រែន ជាតំបន់មួយក្នុងចំណោមតំបន់រងការវាយប្រហារខ្លាំងក្លាបំផុតរបស់រុស្ស៊ី ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បាននិយាយថា ស្ថានភាពពិតជាយ៉ាប់យ៉ឺនខ្លាំងណាស់នៅតាមសមរភូមិជួរមុខទាំងអស់គិតត្រឹមល្ងាចថ្ងៃច័ន្ទ។
លោក Gaidai បាននិយាយនៅលើកញ្ចក់ទូរទស្សន៍អ៊ុយក្រែនថា កងទ័ពរុស្ស៊ីបានប្រមូលកម្លាំងបម្រុងគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំ។
លោកថា កងកម្លាំងរុស្ស៊ីគ្រប់គ្រងភាគច្រើន នៃទីក្រុង Sievierodonetsk ក្រៅពីរោងចក្រគីមី Azot ជាទីដែលជនស៊ីវិលរាប់រយនាក់កំពុងជ្រកកោនអស់រយៈពេលជាច្រើនសប្ដាហ៍ ចំណែកផ្លូវតភ្ជាប់ទៅកាន់ទីក្រុង Sievierodonetsk និងទីក្រុងធំទី២ Lysychansk ទៅកាន់ទីក្រុង Bakhmut ស្ថិតក្រោមការបាញ់ផ្លោងឥតឈប់៕

