ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ សូមសម្តែងការគាំទ្រនិងអបអរសាទរចំពោះភាពជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ នៅកម្ពុជា។
ការគាំទ្រនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ។
នៅក្នុងជំនួបពិភាក្សានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឡាវ បានសម្តែងការវាយតម្លៃខ្ពស់ និងការពេញចិត្តចំពោះវឌ្ឍភាពកិច្ចសហប្រតិបត្តិការទ្វេភាគី ទទួលបានល្អប្រសើរ ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩។
សូមជម្រាបថា កម្ពុជាបានទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា៕


