ឥណ្ឌា៖ ក្រុមមន្ត្រីនិយាយថា ទឹកជំនន់បានជន់លិចផ្នែកខ្លះទៀតក្នុងប្រទេសបង់ក្លាដែស និងប្រទេសឥណ្ឌាភាគឦសានបន្ថែមទៀតកាលពីថ្ងៃអង្គារ ខណៈក្រុមអាជ្ញាធរបានព្យាយាមទៅដល់មនុស្សជាង ៩,៥លាននាក់ស្ថិតនៅតែលតោលក្នុងទឹកជំនន់ដោយមានអាហារ និងទឹកទទួលទានតិចតួចបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។

ភ្លៀងរដូវមូសុងដ៏ធ្ងន់ធ្ងរបំផុតនេះបង្កឲ្យមានទឹកជំនន់ដ៏ខ្លាំងក្លាបំផុត ក្នុងរយៈពេលជាងមួយសតវត្សរ៍នៅតំបន់ខ្លះនៃវាលទំនាបក្នុងប្រទេសបង់ក្លាដែស ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៩នាក់ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនៅទីនោះ និងនៅក្នុងរដ្ឋ Assam ប្រទេសឥណ្ឌាភាគឦសាន។ លោក Abu Bakar អាយុ ២៦ឆ្នាំជាអ្នកស្រុកនៅស្រុកដែលរងគ្រោះធ្ងន់ធ្ងរ Sunamganj ភាគឦសានប្រទេសបង់ក្លាដែសបានប្រាប់សារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា មនុស្សគ្មានអាហារទទួលទានទេ។

ពួកគេមិនទាំងទទួលបានទឹកសម្រាប់ទទួលទានផងទេ ចាប់តាំងពីទឹកជំនន់បានលិចអណ្ដូងស្នប់ទាំងអស់។ អង្គការ UNICEF បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា មនុស្សចំនួន ៤លាននាក់រួមទាំងកុមារ ១.៦លាននាក់ដែលត្រូវបានជាប់នៅក្នុងទឹកជំនន់ដ៏គំហុក ក្នុងប្រទេសបង់ក្លាដែសភាគឦសានកំពុងត្រូវការជំនួយសង្គ្រោះបន្ទាន់៕
អត្ថបទ៖ សុខមាន