វាយសី៖ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានលើកទឹកចិត្ត និងជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ទោះបីលទ្ធផលក្នុងការប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមកាលពីថ្មីៗកន្លងទៅពុំល្អប្រសើរក៏ដោយ។
ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានកោះប្រជុំជាមួយក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនីនៃក្រុមជម្រើសជាតិកម្ពុជា ដើម្បីជជែកអំពីចំណុចខ្វះខាតនៃការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាមកាលពីថ្មីៗ និងពង្រឹងការហ្វឹកហាត់នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ។ ឯកឧត្តមប្រធានសហព័ន្ធបានលើកឡើងថា ការបរាជ័យក្នុងស៊ីហ្គេមនៅវៀតណាមគឺជារឿងមួយដែលសហព័ន្ធ ពិសេសកីឡាករ-កីឡាការិនីពិបាកទទួលយក។ ប៉ុន្ដែកីឡាករ-កីឡាការិនីគ្រប់រូបត្រូវយកមេរៀន និងបទពិសោធន៍មួយនេះ មកពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យបានខ្លាំង ឈានដល់ស្ដង់ដារអាចប្រកួតប្រជែងមេដាយបាន ដើម្បីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានាឆ្នាំក្រោយ។
ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធបានគូសបញ្ជាក់ថា អ្វីដែលជាចំណុចខ្វះខាតរបស់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការប្រកួតស៊ីហ្គេមកន្លងមកគឺផ្នែកចិត្តសាស្ដ្រ។ ចំណែកបច្ចេកទេស និងកម្លាំង ពួកគេធ្វើបានល្អប្រសើរ មិនចាញ់ប្រៀបគូប្រជែងដូចពីមុនៗឡើយ។ ដូច្នេះក្នុងនាមសហព័ន្ធ ឯកឧត្តមបានជំរុញឲ្យកីឡាករ-កីឡាការិនី រួមទាំងក្រុមការងារគ្រូត្រូវផ្ដោតសំខាន់លើការពង្រឹងចិត្តសាស្ដ្រនេះ ដើម្បីឈានទៅសម្រេចការដណ្ដើមមេដាយជូនជាតិនាពេលខាងមុខ។ សូមបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំ ក៏ដូចជាការណែនាំដល់ក្រុមជម្រើសជាតិរួច សហព័ន្ធក៏បានផ្ដល់សម្ភារៈហ្វឹកហាត់ដល់ក្លិបសមាជិកមួយចំនួន ដើម្បីសម្រួលដល់ការហ្វឹកហាត់ និងការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីបន្ថែមផងដែរ៕
អត្ថបទ៖ លី ឈុនឡា