ទួរគី៖ យោងតាមសេចក្ដីរាយការណ៍ព័ត៌មានមួយចំនួនឲ្យដឹងថា ទួរគីព្រមធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សារវាងក្រុមមន្ត្រីរុស្ស៊ី-អ៊ុយក្រែន និងអង្គការសហប្រជាជាតិ សម្រាប់ការចរចានៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ដោយផ្ដោតសំខាន់លើការនាំចេញគ្រាប់ធញ្ញជាតិជាថ្មី ដែលបច្ចុប្បន្នត្រូវបានជាប់នៅក្នុងកំពង់ផែសមុទ្រខ្មៅ។

ទូរទស្សន៍ក្នុងស្រុករបស់ទួរគី NTV និង CNN Turk និងទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សម្តី។ ដោយសំអាងតាមប្រភពរបស់ប្រធានាធិបតីទួរគីដែលបាននិយាយកាលពីថ្ងៃអង្គារថា កិច្ចប្រជុំដែលបានគ្រោងទុកនៅទីក្រុងអ៊ីស្តង់ប៊ុលនឹងកើតមានមុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Moscow ក្នុងសប្តាហ៍នេះ ដោយគណៈប្រតិភូការពារជាតិទួរគីដើម្បីពិភាក្សាលម្អិត អំពីច្រករបៀងសមុទ្រដែលមានសុវត្ថិភាពនៅក្នុងសមុទ្រខ្មៅ។ ទីភ្នាក់ងារ TASS របស់រុស្ស៊ីក៏បានបញ្ជាក់ពីផែនការ សម្រាប់កិច្ចពិភាក្សារបស់គណៈប្រតិភូយោធាទួរគីផងដែរ ដោយយោងតាមសម្តីអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov។
ស្រូវសាលី និងគ្រាប់ធញ្ញជាតិរាប់លានតោនបច្ចុប្បន្នកំពុងជាប់នៅក្នុងកំពង់ផែអ៊ុយក្រែន ទាំងត្រូវបានរារាំង ទាំងកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ហើយនាវាប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីនទឹក ដែលបានដាក់នៅក្នុងសមុទ្រខ្មៅ។ ប្រភពនានាដែលនិយាយទៅកាន់សារព័ត៌មាន Reuters បាននិយាយថា កិច្ចប្រជុំចតុភាគីរវាងទួរគី អ៊ុយក្រែន រុស្ស៊ី និងអង្គការសហប្រជាជាតិ នឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងប៉ុន្មានសប្តាហ៍ខាងមុខ អាចនឹងមានការចូលរួមពីប្រធានាធិបតីទួរគី Recep Tayyip Erdogan និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres៕
អត្ថបទ៖ សុខមាន