វាយកូនគោល៖ សហព័ន្ធកីឡាវាយកូនគោលកម្ពុជានៅព្រឹកថ្ងៃទី២២ ខែមិថុនានេះបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០-២០២១ និងឆមាសទី១ ឆ្នាំ២០២២ និងទិសដៅអនុវត្តការងារបន្ដឆមាសទី២ ឆ្នាំ២០២២ និងឆ្នាំ២០២៣ ដើម្បីពង្រឹងការអនុវត្តការងារបន្ថែម ពិសេសដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
សន្និបាតនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយក៏មានការចូលរួមធ្វើជាសក្ខីភាពពីសំណាក់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងឯកឧតុ្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាផងដែរ។ ឯកឧត្តម ជា បូរ៉ា មានប្រសាសន៍ថា គោលបំណងសំខាន់នៃសន្និបាតនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា ផ្លាស់ប្ដូរយោបល់ និងដកស្រង់បទពិសោធន៍ល្អៗដើម្បីជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវក្នុងការដោះស្រាយ បំពេញបន្ថែម និងកែលម្អចំណុចខ្វះខាតនាពេលកន្លងមក ដែលសហព័ន្ធពុំបានអនុវត្តអំឡុងវិបត្តិកូវីដ-១៩ ដើម្បីឈានទៅអនុវត្តទិសដៅ និងការងារថ្មីនៅឆមាសទី២ ឆ្នាំ២០២២ ពិសេសឆ្ពោះទៅសម្រេចឲ្យបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។
តាមរយៈនេះ ឯកឧត្តមអគ្គលេខាធិការបានជំរុញឲ្យ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ ត្រូវខិតខំបំពេញការងារឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាវាយកូនគោលកម្ពុជាឲ្យកាន់តែរីកចម្រើន និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានាឆ្នាំក្រោយ៕
អត្ថបទ៖ លី ឈុនឡា