កំពង់ចាម ៖ ពលរដ្ឋខេត្តកំពង់ចាម កាន់តែចូលរួម និងបានបង្កើនការប្រុងប្រយ័ត្ននូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពីមានអ្នកស្លាប់ដោយសារជំងឺមួយនេះជាបន្តបន្ទាប់។
ពលរដ្ឋក្នុងខេត្តកំពង់ចាម នៅតែបន្តការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវអនុវត្តន៍វិធានការណែនាំ របស់ក្រសួងសុខាភិបាល យ៉ាងខ្ជាប់ខ្ជួន បើទោះជាក្នុងខេត្តកំពង់ចាម ពុំមានអ្នកវិជ្ជមានកូវីដច្រើន ក៏ដោយ ។ អាជីវករក្នុងផ្សារធំក្រុងកំពង់ចាម បានត្អូញត្អែរ ពីការប្រកបរបរប្រចាំថ្ងៃ ដោយក្នុងមួយរយៈនេះតាំងពីកម្ពុជារងគ្រោះវិបត្តិកូវីដ១៩ មក បានធ្វើឲ្យភ្ញៀវ ឬអតិថិជនបាត់បង់ច្រើន ដោយសារពលរដ្ឋមិនហ៊ានចេញក្រៅ និងចាយវាយច្រើន ខណៈ ដែលពួកគេមិនសូវរកអីបាន។
ទន្ទឹមនឹងនេះដែរ អាជ្ញាធរខេត្តកំពង់ចាម នៅតែបន្ត និងបានបង្កើនការការផ្សព្វផ្សាយអប់រំ ចែកម៉ាស់ ជាបន្តបន្ទាប់ តាមមូលដ្ឋាន ទីសាធារណៈ នូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលនៃជំងឺនេះ ក្នុងសហគមន៍។ បន្ថែមពីនេះទៀត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តល់ម៉ាស់ជាច្រើនសម្រាប់ឲ្យក្រុមយុវជនធ្វើសកម្មភាពចែកដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីពញ្ញាក់ស្មារតីរំលឹក ដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យមាន ការពាក់ម៉ាស់ជាប្រចាំ កុំបីមានការធ្វេសប្រហែសឡើយ ព្រោះជំងឺកូវីដ-១៩ មិនដឹងជាមាននៅទីណាខ្លះទេ ហើយវា អាចឆ្លងបានគ្រប់ពេល ដូច្នេះយើងត្រូវការពារប្រសើរជាងព្យាបាល ។
អាជ្ញាធរខេត្តកំពង់ចាម នៅបន្តណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តន៍ ៣កុំ ៣ការពារ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងគ្មានកូវីដ-១៩៕
អត្ថបទ ៖ ថុង សីហា