ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនានេះ អង្គការUSAID របស់សហរដ្ឋអាមេរិច និងក្រសួងបរិស្ថាន បានប្រកាសអនុវត្តយុទ្ធនាការចាប់ផ្តើមការផ្លាស់ប្តូរឥរិយាបថសង្គម ដើម្បីកាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃនៅកម្ពុជា ។
ក្នុងឱកាសបើកយុទ្ធនាការនេះឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន នឹងបង្កើនការអនុវត្តច្បាប់ចាប់ជនល្មើសបញ្ជូនទៅតុលាការ ករណីជនណាប្រព្រឹត្តបទល្មើសប៉ះពាល់ដល់បណ្តាសត្វព្រៃជិតផុត។
ឯកឧត្តម នេត ភក្ត្រា បានថ្លែងថា នៅឆ្នាំ២០២១កន្លងទៅ ក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសសត្វព្រៃ បានចំនួន៨៦២១ករណី នៅក្នុងនោះមានបទល្មើសសត្វព្រៃប្រមាណ ៨០០ករណី បានបញ្ជូនសំណុំរឿងទៅតុលាការ នៅក្នុងនោះក៏មានបទល្មើសសំខាន់ៗនានាទៀតដែលត្រូវចាប់បញ្ជូនទៅតុលាការផងដែរ ដូចជាបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ កាប់បំផ្លាញឈើខុសច្បាប់ ការបរបាញ់សត្វខុសច្បាប់ និងការរុករានដីព្រៃខុសច្បាប់ជាដើម ។
ដើម្បីជម្រុញពលរដ្ឋនៅតំបន់ព្រៃបញ្ឈប់ ការកាប់ព្រៃ និងការបាញ់សត្វខុសច្បាប់ ឯកឧត្តម នេត ភក្ត្រា ក៏បានលើកឡើងដែរថា ក្រសួងបរិស្ថាន នឹងបង្កើនការអនុវត្តច្បាប់ បង្កើនការល្បាតឃាត់ខ្លួនជនល្មើស ហើយក្រៅពីនេះ ក្រសួងក៏បង្កើនសកម្មភាពបង្កើតសេដ្ឋកិច្ច បង្កើតមុខរបរ នៅតាមមូលដ្ឋាន កាត់បន្ថយការពឹងអាស្រ័យលើធម្មជាតិ និងអប់រំផ្សព្វផ្សាយ បង្ហាញអំពីផលប៉ះពាល់ពីបញ្ហាដាក់អន្ទាក់ និងការហូបសាច់សត្វព្រៃខុសច្បាប់ ជាដើម។
ឯកឧត្តម បញ្ជាក់ថា ក្រសួងបរិស្ថាន ក្នុងមួយឆ្នាំៗ បានចុះល្បាតប្រមូលអន្ទាក់ទាក់សត្វនៅក្នុងព្រៃបានប្រមាណពី ៤ម៉ឺន ទៅ៦ម៉ឺនអន្ទាក់ ហើយឯកឧត្តម បានប៉ាន់ប្រមាណថា អន្ទាក់ដែលប្រមូលបាននោះគឺមានប្រមាណតែ២០% និងមាន៨០% ទៀត ដែលមន្ត្រីអនុវត្តច្បាប់យើងបាននឹងកំពុងចុះល្បាតដើរប្រមូលជារៀងរាល់ថ្ងៃ។
ទោះយ៉ាងណាក៏ដោយ លោក រីឆាត ឈិន ប្រធានការិយាល័យកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ទីភ្នាក់ងារជំនួយអាមេរិក USAID បានថ្លែងថា សត្វព្រៃ គឺជាផ្នែកមួយដ៏សំខាន់នៃមរតកជាតិរបស់ប្រទេសកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ច។
លោក ក៏បានអំពាវនាវអោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ ពង្រឹងការយល់ដឹងជាសាធារណៈ ក្នុងគោលដៅ ផ្លាស់ប្ដូរឥរិយាបថ ដើម្បីការពារព្រៃឈើនិងសត្វព្រៃ តាមរយៈការផ្សព្វផ្សាយសារគន្លឹះសំខាន់ៗ ស្ដីពី ការកាត់បន្ថយតម្រូវការទិញ និងហូបសាច់សត្វព្រៃ ដើម្បីចូលរួមការពារព្រៃឈើនិងសត្វព្រៃ និងធានាចីរភាពនៃជីវភាពរស់នៅរបស់សហគមន៍៕ អត្ថបទ ស៊ុម សុខជា