ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ (16thADMM) បានលើកឡើងចំពោះមុខរដ្ឋមន្រ្តីការពារជាតិអាស៊ានថា ការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសមហាអំណាចណាមួយទៅកាន់ប្រទេសដទៃ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ប្រទេសដែលត្រូវបានគេដាក់នោះទេ ខណៈប្រទេសផ្សេងទៀតក៏រង់ផលប៉ះពាល់ផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ចំពោះការប្រើប្រាស់ទណ្ឌកម្មក្នុងរូបភាពណាមួយ ដើម្បីគាបសង្កត់នរណាម្នាក់ គឺកម្ពុជាយល់ថាពុំមែនជាជម្រើសត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហានោះឡើយ។
ផ្ទុយទៅវិញ ផលវិបាកពុំមែនមានសម្រាប់តែអ្នកដែលទទួលរងទណ្ឌកម្មនោះទេ អ្នកដែលព្យាយាមប្រើប្រាស់ទណ្ឌកម្មជាត្រីមុខ និងអ្នកស្លូតត្រង់ដែលពុំមានការពាក់ព័ន្ធដ៏ទៃទៀត ក៏អាចទទួលរងផលប៉ះពាល់ជាអវិជ្ជមានដូចគ្នាផងដែរ។
បើតាមការលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦រូបនេះ ក៏បានបង្ហាញអំពីបទពិសោធន៍មួយចំនួនដែលកម្ពុជាទទួលបាននាសព្វថ្ងៃនេះផងដែរ ដោយក្នុងនោះគឺកត្តាសន្តិភាព ខណៈសន្តិភាពដែលកើតចេញពីគោលនយោបាយឈ្នះ ឈ្នះនេះហើយដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍស្ទើតែគ្រប់វិស័យនោះ។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺបានពិភាក្សាគ្នាជាច្រើនទាក់ទងនិងកិច្ចសហប្រតិបត្តិការណ៍រវាងអាស៊ាន និងបណ្តាប្រទេសនៅពិភពលោក ពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ និងសកលលោក រួមទាំងបញ្ហាជាច្រើនទៀត ដែលភាគីទាំងអស់គ្នានឹងខិតខំ ដោះស្រាយរួមគ្នាជាដើម៕អត្ថបទ៖ បាន ចក់

